រដ្ឋាភិបាលជប៉ុន បន្តគាំទ្រការអភិវឌ្ឍផែនការមេរបស់កម្ពុជា ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលដឹកជញ្ជូនត្រឹមឆ្នាំ ២០៥០។ នេះបើតាមការឲ្យដឹងពីលោក UENO Atsushi ឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពី ការដឹកជញ្ជូនតាមផ្លូវទឹក នាថ្ងៃទី ២៥ ខែមិថុនានេះ។ ច្បាប់ ស្ដីពី ការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានប្រកាសឲ្យប្រើ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤កន្លងទៅ។
គួររំលឹកថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ១ ខែឧសភាកន្លងទៅនេះ បានណែនាំឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដៃគូអភិវឌ្ឍន៍ រៀបចំផែនការមេសម្រាប់អនាគតកំពង់ផែស្វយ័តក្រុងព្រះសីហនុពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៥០ ដើម្បីប្រែក្លាយកំពង់ផែនេះជាកំពង់ផែកុងតឺន័រទឹកជ្រៅស្នូលរបស់កម្ពុជា និងជាកំពង់ផែតំបន់ ព្រមទាំងមជ្ឈមណ្ឌលឡូជីស្ទិក ផងដែរ។
ក្នុងសិក្ខាសាលាខាងលើនេះ លោកឯកអគ្គរាជទូត បានចូលរួមអបអរសាទរចំពោះការអនុម័តច្បាប់ ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក។ លោកបន្ថែមថា រដ្ឋាភិបាលជប៉ុន បន្តគាំទ្រនៅការសាងសង់ស្ថានីយកុងតឺន័រថ្មី ក្នុងកំពង់ផែក្រុងព្រះសីហនុ ក៏ដូចជាការអភិវឌ្ឍផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលដឹកជញ្ជូនត្រឹមឆ្នាំ ២០៥០។
នៅក្នុងសិក្ខាសាលានេះដែរ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីសក្តានុពលពីបណ្តាញផ្លូវទឹកប្រទាក់ក្រឡាគ្នា សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក ទាំងក្នុងប្រទេស និងបណ្តាប្រទេសនានាលើពិភពលោក ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកលើកស្ទួយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បង្កើតឱកាសដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសតាមតំបន់ឆ្នេរសមុទ្រ តំបន់ទន្លេ បឹង ស្ទឹង និងព្រែក នៃប្រទេសកម្ពុជា។
លោកថា ច្បាប់នេះ គឺជាសមិទ្ធផលមួយ ដ៏វិសេសវិសាលរបស់កម្ពុជា និងជាច្បាប់ដំបូងបង្អស់សម្រាប់គ្រប់គ្រងការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែកម្ពុជា ដែលមានគោលបំណងរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ក៏ដូចជាផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ