ប្រទេសកម្ពុជា កំពុងផ្តោតការខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចថេរ។ នេះបើតាមការលើកឡើងរបស់ប្រធានគ្រប់គ្រងធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ហិរញ្ញប្បទានថ្មីសម្រាប់ទ្រទ្រង់ដល់កំណើន និងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។
សេចក្ដីប្រកាសព័ត៌មាន ដែលផ្សព្វផ្សាយនៅថ្ងៃទី ២១ ខែមិថុនានេះ បានឲ្យដឹងថា ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ។
ឥណទាននេះ គឺសម្រាប់គម្រោងដំណាក់កាលទី ២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលរារាំងការខិតខំរបស់កម្ពុជាក្នុងការរើបម្រះខ្លួនចេញ ពីឥទ្ធិពលញាំញីរ៉ាំរ៉ៃមកលើសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតកូវីដ-១៩។ ឥណទានថ្មីនេះបន្ថែមពីលើឥណទានតម្លៃ ២៧៤លានដុល្លារអាមេរិក ដែលត្រូវបានផ្តល់ក្នុងឆ្នាំ ២០២២ សម្រាប់គម្រោងដដែលនេះ នៅក្នុងដំណាក់កាលទី ១។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «បន្ទាប់ពីបានស្តារខ្លួនចេញពីផលជះនៃជំងឺរាតត្បាតកូវីដ-១៩ និងពីស្ថានការណ៍អង្រួនកន្ត្រាក់ក្រោយមកទៀត ពេលនេះកម្ពុជាកំពុងបង្វែរការផ្តោតកិច្ចខិតខំរបស់ខ្លួន ឆ្ពោះទៅសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចថេរមានគុណភាពខ្ពស់»។ លោកស្រី បានបន្ថែមទៀតថា ឥណទានថ្មីនេះ នឹងជួយជំរុញភាពប្រកួតប្រជែងនៃផ្នែកឯកជន, ពង្រឹងជំហរសារពើពន្ធរបស់រដ្ឋាភិបាល និងផ្តល់ជំនួយដល់ពលរដ្ឋកម្ពុជាដែលងាយរងគ្រោះបំផុត។
បើតាមធនាគារពិភពលោក ការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាធ្លាក់ចុះកំណើនជាលើកដំបូង ក្នុងរយៈពេល ២៥ឆ្នាំ ហើយការធ្លាក់ចុះនេះមានសភាពធំធេងគួរសម នៅក្នុងចំណោមតំបន់អាស៊ីបូព៌ា។ បច្ចុប្បន្ន សេដ្ឋកិច្ច បានស្តារស្ថានភាពប្រសើរឡើងវិញហើយ តែកំណើនរបស់វានៅតែមិនទាន់អាចវិលទៅរកកម្រិតនៅមុនមានការផ្ទុះជំងឺរាតត្បាត នៅឡើយទេ។
ស្ថានភាពនេះនៅកម្ពុជា ជាការឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោក និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធនៃបែបផែនកំណើនរបស់ប្រទេសនេះ។ បញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធរបស់កម្ពុជារួមមាន៖ ផលិតភាពមានកំណើនខ្សោយ, ការអភិវឌ្ឍននៃមូលធនមនុស្សនៅមានកម្រិតទាប, និងឧបសគ្គដល់ការបង្កើត និងការប្រកួតប្រជែងរបស់ធុរកិច្ចឯកជន។
ធនាគារពិភពលោក បានឲ្យដឹងបន្តថា សេដ្ឋកិច្ចរបស់កម្ពុជាមានលក្ខណៈប្រមូលផ្តុំខ្លាំង ទៅលើផលិតផល, ទីផ្សារនាំចេញ និងធនធានហិរញ្ញប្បទាន ដែលជាហេតុធ្វើឲ្យមានការរងការប៉ះទង្គិច ពីសំណាក់ស្ថានការណ៍អង្រួនកន្ត្រាក់ណាស់។ កម្ពុជា ក៏ងាយរងគ្រោះពីផលជះនៃការប្រែប្រួលអាកាសធាតុដែរ ជាពិសេសទឹកជំនន់ និងភាពរាំងស្ងួត។ឥណទានថ្មី នឹងត្រូវបានយកទៅប្រើប្រាស់ សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងនេះ។
ជំនួយនេះ នឹងជួយបង្កើតបរិយាកាសអំណាយផល ដល់ការបើកដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន, បិទអាជីវកម្ម និងការប្រកួតប្រជែងដោយត្រឹមត្រូវយុត្តិធម៌។ ផ្នែកឯទៀតនៃឥណទាននេះ នឹងជួយពង្រឹងភាពធន់ នៃសារពើពន្ធតាមរយៈការកែលម្អភាពប្រសិទ្ធផលនៃចំណាយ, សម្រាលហានិភ័យនៃចំណាយមូលធន និងបង្កើនភាពជាដៃគូរវាងរដ្ឋនិងឯកជន និងពង្រឹងសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការកៀរគរហិរញ្ញប្បទាន តាមរយៈសញ្ញាបណ្ណជាតិ។
ឥណទានថ្មី ក៏នឹងជួយសម្រួលផងដែរ ដល់ការផ្តល់ជំនួយសង្គ្រោះឲ្យបានទាន់ពេលវេលា ដល់ក្រុមគ្រួសារងាយរងគ្រោះឲ្យបានកាន់តែទូលំទូលាយ ក្នុងករណីជួបគ្រោះមហន្តរាយធម្មជាតិ ឬស្ថានភាពអង្រួនកន្ត្រាក់សេដ្ឋកិច្ច, កែលម្អបទប្បញ្ញត្តិបរិស្ថាន និងលើកកម្ពស់ដល់ការគ្រប់គ្រងគ្រោះមហន្តរាយ៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម