ក្រុមវិនិយោគិនខ្មែរ បង្កើតសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដើម្បីពង្រីកសកម្មភាពទាក់ទាញវិនិយោគិន​បរទេស​

ក្រុមវិនិយោគិនខ្មែរ បានបង្កើតសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក្នុងគោលបំណងពង្រីកសកម្មភាពទាក់ទាញវិនិយោគិន​បរទេស​មកពីគ្រប់ប្រទេស រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ។ តាមគម្រោងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី ៩ ខែឧសភានេះ នឹង​អញ្ជើញ​ជាអធិបតីក្នុងប្រកាសបើក ឲ្យដំណើរការជាផ្លូវការនូវសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានេះ ព្រមទាំងពិសាអាហារសាមគ្គី ផងដែរ។

តាមដានជាមួយយើង៖ Million Times

សមាគមនេះ កើតចេញពីការផ្តួចផ្តើមរួមគ្នាដោយសមាគមចំនួន ៩ រួមមាន៖ សមាគមស្បែកជើងកម្ពុជា, សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា សភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា, សមាគមពាណិជ្ជកម្មកម្ពុជាខេមឈីន, សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មចិនស៊ីឈួនឆុងឈីងកម្ពុជា,សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា, សមាគមពាណិជ្ជកម្មកម្ពុជា អានហួយ,សមាគមពាណិជ្ជករ និងវិនិយោគិនខេត្តហ៊ូណាននៅកម្ពុជា និងសមាគមសហភាពអ្នកដឹកនាំ។

បើតាមអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានឲ្យដឹងថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ប្តេជ្ញាអនុវត្តសកម្មភាពចាំបាច់ និងបន្តដាក់ចេញផែនការក្នុងការសម្រេចគោលដៅរួម ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងប្រទេសកម្ពុជា។ សកម្មភាព និងផែនការទាំងនោះ រួមមាន៖ រៀបចំព្រឹត្តិការណ៍ និងវេទិកាធុរកិច្ច ថ្នាក់ជាតិ និងអន្តរជាតិ ជាប្រចាំ យ៉ាងតិចអោយបាន ៣ ទៅ ៤ដង ក្នុងមួយឆ្នាំ ដើម្បីផ្តល់ជាវេទិកាជូនដល់វិនិយោគិនជាតិ និងអន្តរជាតិ មានឱកាស​សិក្សាស្វែងយល់ និង ស្វែងរកឱកាសសហការវិនិយោគរួមគ្នា។

រៀបចំកម្មវិធីតាំងពិព័រណ៍ទាំងក្នុង និងក្រៅប្រទេស ជាប្រចាំឲ្យបានយ៉ាងតិច ៣ ទៅ ៤ដង ក្នុងមួយឆ្នាំ ដើម្បីផ្ដល់ឱកាសដល់ វិនិយោគិនជាតិ និងអន្តរជាតិ បានដាក់តាំងបង្ហាញផលិតផល សេវាកម្ម និងផ្សព្វផ្សាយពីការវិនិយោគរបស់ខ្លួន ក្នុងន័យកសាងទំនាក់ទំនងពង្រីកទីផ្សារ និងជំរុញការសហការរវាងគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត សម្របសម្រួលវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការធ្វើទស្សនកិច្ចទាំងក្នុង និងក្រៅ​ប្រទេស​ជុំវិញពិភពលោក ដើម្បីជួយផ្សព្វផ្សាយ និង បង្កើនឱកាសវិនិយោគ ជូនដល់វិនិយោគិន។

ក្នុងនោះដែរ ក៏នឹងជំរុញការរៀបចំ និងចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងវិនិយោគិន សហគ្រាស និងសមាគម ដើម្បីពង្រីកការសហការ និងការវិនិយោគបានកាន់តែទូលំទូលាយ ព្រមទាំងបន្តចូលរួមក្នុងការងារសង្គម និងសកម្មភាពសប្បុរសធម៌នានា ដោយរួមចំណែកជាមួយរាជរដ្ឋា​ភិបាល​​កម្ពុជា ដើម្បីបង្ហាញពីទឹកចិត្តនៃការចែករំលែក និងលើកកម្ពស់ជីវភាពនៃការរស់នៅ ​ប្រកប​ដោយភាពសុខដុមរបស់ប្រជាជន។

បញ្ជាក់ផងដែរថា តាមរយៈសមាគមជាសមាជិកទាំង ៩ នៃសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានេះ បានចូលរួមចំណែកទាក់ទាញវិនិយោគិនបរទេសវិនិយោគនៅកម្ពុជា សរុបជាង ១៥ពាន់ ២រយលានដុល្លារអាមេរិក និងផ្តល់ការងារជូនកម្មករ និយោជិតជាង ៦សែន ៤ម៉ឺននាក់៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម