ចិននៅតែជាអ្នកវិនិយោគបោះទុនច្រើនជាងគេបំផុតនៅកម្ពុជា

វិនិយោគិនពីប្រទេសចិននៅតែជាអ្នកវិនិយោគ ដែលបានបោះទុនច្រើនជាងគេបំផុតនៅកម្ពុជា ក្នុងរយៈពេល ៣ ខែដំបូង ឆ្នាំ ២០២៦។ នេះបើយោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានចេញផ្សាយកាលថ្មីៗនេះ។

ចន្លោះពីខែមករា ដល់ ខែមីនា ឆ្នាំ ២០២៦ កម្ពុជាទទួលបានគម្រោងវិនិយោគសរុប ១៤៦ គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណ ២.៥ ពាន់លានដុល្លារ ហើយគម្រោងទាំងនេះរំពឹងថានឹងបង្កើតការងារប្រមាណ ៨២,០០០ កន្លែង។

របាយការណ៍ បានបញ្ជាក់ថា ចិនគឺជាវិនិយោគិនបោះទុនច្រើនជាងគេបំផុត ជាមមួយទំហំទឹកប្រាក់ប្រមាណ ១.១៦ ពាន់លានដុល្លារ ស្មើនឹង ៤៦.៧៧ ភាគរយ នៃទុនវិនិយោគសរុប។ អ្នកវិនិយោគក្នុងស្រុកស្ថិតនៅលំដាប់ទី ២ ជាមួយទុនប្រមាណ ៣៨.០៦ ភាគរយ នៃទុនវិនិយោគសរុប ខណៈម៉ាឡេស៊ី និងសិង្ហបុរី មាន ៨.១៤ ភាគរយ និង ៤.៦៥ ភាគរយ រៀងគ្នា។

តាមដានជាមួយយើង៖ Million Times

វិស័យឧស្សាហកម្មនៅកម្ពុជា ទទួលបានវិនិយោគច្រើនជាងគេ ប្រមាណ ១.៣ ពាន់លានដុល្លារ បន្ទាប់មកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ ៨៣៨ លានដុល្លារ និងវិស័យទេសចរណ៍ ៣០០ លានដុល្លារ។ វិស័យកសិកម្មទទួលបានតិចជាងគេ ប្រមាណ ២៤ លានដុល្លារ។

ក្នុងចំណោមគម្រោងទាំងអស់ មាន ៩៥ គម្រោង ត្រូវបានអនុម័តដោយ CDC ខណៈ ៥១ គម្រោង ត្រូវបានអនុម័តដោយអាជ្ញាធរខេត្ត។

គម្រោងធំៗរួមមាន ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី ស្ថានីយ៍ផលិតថាមពលខ្យល់ និងរោងចក្រផ្គុំរថយន្ត ម៉ូតូ និងផលិតសំបកកង់។

CDC បានបញ្ជាក់ថា កម្ពុជានៅតែអាចទាក់ទាញវិនិយោគបាន ដោយសារគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការគាំទ្រអាជីវកម្ម និងបរិយាកាសវិនិយោគអំណោយផល ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងភាពមិនប្រាកដប្រជាក៏ដោយ៕

អត្ថបទ៖ ប៊ី