អ្នកឧកញ៉ា សួរ វីរៈ គ្រោងសម្ពោធរោងចក្រផលិតជីកសិកម្មធំជាងគេនៅកម្ពុជា នាសប្ដាហ៍ក្រោយ

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រោងសម្ពោធដាក់ឱ្យដំណើរការនូវរោងចក្រផលិតជីកសិកម្មរបស់ខ្លួន នាសប្ដាហ៍ក្រោយនេះ ដែលនឹងក្លាយជារោងចក្រផលិតជីធំជាងគេនៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៨ ខែមេសានេះ អ្នកឧកញ៉ា សួរ វីរៈ បានឱ្យដឹងថា បន្ទាប់ពីដំណើរការសាកល្បងផ្គត់ផ្គង់ជីកសិកម្មជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាពជាទីពេញចិត្តហើយនោះ, ពេលនេះពិធីសម្ពោធ និងបើកដំណើរការជាផ្លូវការនូវរោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឆាប់ៗនេះ។

រោងចក្រនេះ មានទីតាំងស្ថិតនៅភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានឃ្លាំងផលិតជីសរីរាង្គ និងឃ្លាំងស្តុកជីសម្រេច។ ម្ចាស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន ជាអ្នកវិនិយោគបង្កើតរោងចក្រនេះដោយផ្ទាល់ ដែលមានសមត្ថភាពផលិតបានចំនួន ២០០តោនក្នុងមួយថ្ងៃ។

ជីដែលគ្រោងផលិតនោះរួមមាន៖ ជីសរីរាង្គ ជីជន្លេន និងផលិតជីគីមីផងដែរ។ ចំពោះតម្លៃវិញអាចនឹងធូរថ្លៃជាងជីដែលនាំចូលពីក្រៅប្រទេស ហើយក៏នឹងផ្តល់ការដឹកជញ្ជូនជីដល់កសិករក្នុងតម្លៃមួយថេរ។

កាលពីចុងខែមីនាកន្លងទៅនេះ អ្នកឧកញ៉ា សួរ វីរៈ ធ្លាប់បានប្រកាសថា ជីកសិកម្មរបស់ក្រុមហ៊ុន វិរ: ប៊ុនថាំ មិនឡើងថ្លៃទេ បើទោះបីជាប្រេងឥន្ធនៈឡើងថ្លៃក៏ដោយ។ អ្នកឧកញ៉ា ក៏បានបញ្ជាក់ថា ជីកសិកម្មរបស់ក្រុមហ៊ុនលោក អាចផ្គត់ផ្គងគ្រប់គ្រាន់សម្រាប់ប្រជាកសិករគ្រប់រូប៕

អត្ថបទ៖ វីរៈ រូបភាព៖ អ្នកឧកញ៉ា សួរ វីរៈ