ពលរដ្ឋជាច្រើន បានចូលទៅទស្សនាកម្សាន្ដក្នុងបរិវេណព្រលានយន្តហោះពោធិ៍ចិនតុង

ប្រជាពលរដ្ឋរាប់ពាន់នាក់ បានចូលទៅទស្សនាកម្សាន្ដនៅក្នុងបរិវេណសួនសាធារណៈព្រលានយន្តហោះពោធិ៍ចិនតុង ស្របពេលមានការអនុញ្ញាតឱ្យទស្សនារយៈពេល ៩ថ្ងៃ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

តាមដានជាមួយយើង៖ Million Times

ថ្ងៃទី១ (ថ្ងៃទី១១ ខែមេសា) នៃការបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈរយៈពេល ៩ថ្ងៃ (១១-១៩ មេសា ២០២៦) មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ១ម៉ឺន ៥ពាន់នាក់ បានចូលទស្សនាកម្សាន្ត ថតរូប ហាត់ប្រាណ និងលេងកីឡាជុំវិញតំបន់ និងអគារជាច្រើន។

ក្នុងនោះរួមមាន៖ អគារផ្លិត និងប៉មបញ្ជាហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។

បន្ថែមលើនេះ ប្រជាពលរដ្ឋក៏បានទស្សនាការសម្ដែងរបាំត្រុដិ របាំឆៃយ៉ាំ ការលេងភ្លេងពិណពាទ្យ និងរបាំផ្សេងៗ ដើម្បីស្វែងយល់ពីគុណតម្លៃនៃរបាំប្រពៃណីវប្បធម៌ជាតិខ្មែរ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។

ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) បានឱ្យដឹងថា ការបើកសាកល្បងនេះ អនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង ៥ និង០០ព្រឹក ហើយត្រូវចាកចេញនៅម៉ោង ៩ និង០០យប់។

ក្នុងនោះដែរ អាជ្ញាធរមានសមត្ថកិច្ចក៏បានតុបតែងលម្អនៅតំបន់មួយចំនួន និងការដាក់បដាផ្សេងៗដែលមានរូបភាពជាល្បែងប្រពៃណីជាតិ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២៦ ក្នុងបរិវេណព្រលានយន្តហោះនេះ។

យ៉ាងណាក៏ដោយ ការចូលទៅទស្សនាកម្សាន្ដនៅព្រលានយន្ដហោះចាស់នេះ គឺហាមដាច់ខាតមិនឱ្យមានការលក់ដូរ, មិនឱ្យមានការយកចូល និងពិសាគ្រឿងស្រវឹង និងមិនឱ្យមានការយកចូល និងប្រើប្រាស់កាំជ្រួច និងគ្រឿងផ្ទុះនានាឡើយ។ ចំពោះការផ្ញើម៉ូតូ ត្រូវបង់កម្រៃ ១,០០០រៀល សម្រាប់មួយគ្រឿង និងការផ្ញើឡាន ត្រូវបង់កម្រៃ ២,០០០រៀល សម្រាប់មួយគ្រឿង៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី