សមាគមចំនួន ២ គូសបញ្ជាក់ពីភាពរឹងមាំ និងស្ថិរភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីធនាគារជាតិនៃកម្ពុជា(NBC) ជាមួយនឹងសូចនាករចម្បងៗ នៃភាពប្រុងប្រយ័ត្នស្ថិតនៅកម្រិតលើសពីបទប្បញ្ញត្តិដែលបានកំណត់។

តាមដានជាមួយយើង៖ Million Times

ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីមានការចែកចាយ និងផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមួយចំនួន នាពេលថ្មីៗនេះ មិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជានោះទេ។

តាមរយៈសេចក្ដីថ្លែងការណ៍រួមគ្នា​ នៅថ្ងៃទី១៦ ខែមីនានេះ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ភាពរអាក់រអួរចំពោះប្រតិបត្តិការបណ្តោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ មិនគួរយកទៅបកស្រាយថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពនៃប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុទាំងមូលនោះឡើយ។ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តទទួលបានការគាំទ្រដោយបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានាលើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានបំភាន់ដែលអាចប៉ះពាល់ដល់ជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារនៅកម្ពុជា។

សមាគមទាំងពីរ ក៏បានអំពាវនាវដល់សាធារណជន សូមកុំឆាប់ជឿតាមពាក្យចចាមអារ៉ាម ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ពីបណ្តាញសង្គម ហើយតាមដានព័ត៌មានផ្លូវការពីធនាគារជាតិនៃកម្ពុជា និងធនាគារដែលមានអាជ្ញាប័ណ្ណ ឬទាក់ទងទៅគ្រឹះស្ថានដែលខ្លួនប្រើប្រាស់សេវាដោយផ្ទាល់ ដើម្បីសាកសួរបញ្ជាក់ព័ត៌មានបន្ថែម។

សមាគមទាំងពីរបន្តរក្សាទំនុកចិត្ត និងភាពរឹងមាំនៃវិស័យធនាគារ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិក ទាំងអស់ ដើម្បីធានាការទំនាក់ទំនងច្បាស់លាស់ លើកកម្ពស់បរិយាកាសប្រតិបត្តិការឱ្យមានរបៀបរៀបរយ និងរក្សាស្ថិរភាព និងទំនុកចិត្តលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម