អង្ករប្រណិតកម្ពុជាចំនួនពីរទូកុងតឺន័រ ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី ដែលបង្ហាញអំពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជាកំពុងកើនឡើង។

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៦ ខែមីនាថា លោកឯកអគ្គរដ្ឋទូត Derek Yip បានចូលរួមអបអរកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ រវាងក្រុមហ៊ុន អេមរុរ៉ាយស៍ និងក្រុមហ៊ុន Green Group របស់ប្រទេសអូស្ត្រាលី ដោយចូលរួមជាមួយឧកញ៉ា សុង សារ៉ន សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ ដើម្បីជាតំណាងក្នុងការបញ្ជូនអង្ករប្រណិតកម្ពុជាចំនួនពីរទូកុងតឺន័រ ឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី។

ប្រភពដដែល បានឱ្យដឹងបន្តថា ដោយមានការគាំទ្រពីអូស្ត្រាលី ក្រុមហ៊ុនអេមរុរ៉ាយស៍ និងកសិ-ពាណិជ្ជកម្មកម្ពុជា អាចពង្រីក និងទទួលបានទីផ្សារនាំចេញថ្មី។
ជាមួយគ្នានេះ អូស្ត្រាលី-កម្ពុជា កំពុងពង្រីកពាណិជ្ជកម្មទ្វេភាគី បង្កើតការងារកាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែច្រើនរវាងប្រទេសទាំងពីរ ដែលអាចពង្រីកបន្ថែមទៀតនាពេលអនាគត។

ក្រុមហ៊ុនអេមរុរ៉ាយស៍ បានថ្លែងអំណរគុណឯកអគ្គរដ្ឋទូតអូស្ត្រាលី និងគណប្រតិភូដែលបានចុះទៅទសន្សកិច្ចនៅរោងចក្រកិនកែឆ្នៃអង្ករ អេមរុរ៉ាយស៍ សាខាភ្នំពេញ និងចូលរួមជាភ្ញៀវកិត្តិយសក្នុងការនាំអង្ករទៅទីផ្សារអូស្ត្រាលី។

បើតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី បានកើនដល់ ១,២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយមានប្រមាណ ៨៥០លានដុល្លារ បានមកពីការនាំចេញរបស់កម្ពុជា៕
អត្ថបទ៖ វីរៈ រូបភាព៖ ស្ថានទូតអូស្ត្រាលី


