កាលពីថ្ងៃ ១០ ខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅធនាគារ ជីប ម៉ុង បានប្រកាសជាផ្លូវការពីកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនអន្តរជាតិ IHH Healthcare Singapore ដើម្បីដាក់ចេញនូវអត្ថប្រយោជន៍ ពិសេសសម្រាប់សេវាផ្នែកសុខភាពនៅមន្ទីរពេទ្យ ៤ ទីតាំងក្នុងប្រទេសសិង្ហបុរី ដល់អតិថិជនធនាគារ ជីប ម៉ុង។

ធនគារ ជីប ម៉ុង បានឲ្យដឹងពីគោលបំណងនៃកិច្ចសហការនេះ គឺផ្ដល់ជូនសម្រាប់អតិថិជនដែលប្រើប្រាស់គ្រប់ប្រភេទកាតឥណទាន និងកាតឥណពន្ធ ប្រភេទ Platinum របស់ ជីប ម៉ុង នឹងទទួលបានការបញ្ចុះតម្លៃ លើកញ្ចប់សេវាពិនិត្យសុខភាព និងអត្ថប្រយោជន៍ដទៃទៀត។
ក្រៅពីអត្ថប្រយោជន៍ពីមន្ទីរពេទ្យរបស់ក្រុមហ៊ុន IHH Healthcare Singapore ហើយនោះ ក៏ទទួលបានសេវាធ្វើដំណើរពីអាកាសយានដ្ឋាន Changi និងអាទិភាពណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញបាន២៤ ម៉ោងក្នុង១សប្ដាហ៍។

កម្មវិធីនោះធ្វើឡើងនៅទីស្នាក់ការកណ្ដាលធនាគារ ជីប ម៉ុង អាគារ ជីប ម៉ុង ថៅវើរ ចូលរួមដោយអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង និង លោក វីនស៊ិន ឡៃ នាយកប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន IHH Healthcare Singapore ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀតនៃក្រុមហ៊ុនទាំងពីរ។
គួរបញ្ជាក់ផងដែរថា IHH Healthcare Singapore គឺជាអ្នកផ្ដល់សេវាថែទាំសុខភាពឯកជនធំជាងគេរបស់ប្រទេសសិង្ហបុរី ដោយដំណើរការបណ្ដាញរួមបញ្ចូលគ្នានៃមន្ទីរពេទ្យលំដាប់កំពូលចំនួនបួនគឺ Gleneagles, Mount Elizabeth (Orchard និង Novena) និង Parkway East រួមជាមួយគ្លីនិកជាង ៣០ មជ្ឈមណ្ឌល ថត ឆ្លុះ X-ray និងមន្ទីរពិសោធន៍។ ពួកគេផ្ដល់ការថែទាំដ៏ទូលំទូលាយ ចាប់ពីសេវាកម្មបឋមរហូតដល់សេវាថែទាំសុខភាពកម្រិតទីបួន ដែលគាំទ្រដោយអ្នកឯកទេសជាង ១ ៥០០ នាក់៕





អត្ថបទ៖ ឆដា, រូបភាព៖ Chip Mong Bank


