ដំណាប់ស្វាយស្ងួតធម្មជាតិចំនួន ២០តោនដំបូង របស់ក្រុមហ៊ុន គីរីរម្យ ហ្វ៊ូដ ប្រដាក់សិន (ខេ.អេហ្វ.ភី) ត្រូវបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួម រវាងស្ថានទូតអូស្ត្រាលី និងក្រុមហ៊ុន គីរីរម្យ ហ៊្វូដ ប្រដាក់សិន (ខេ.អេហ្វ.ភី) នៅថ្ងៃទី៧ ខែវិច្ឆិកានេះ។

សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ស្ថានទូត និងក្រុមហ៊ុន គីរីរម្យ ហ្វ៊ូដ បានសម្រេចនូវជោគជ័យនៃភាពជាដៃគូពាណិជ្ជកម្មថ្មីមួយ ជាមួយនឹងការនាំចេញដំណាប់ស្វាយស្ងួតកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី។ នេះគឺជាការនាំចេញលើកដំបូងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេលវែង (២០២៤-២០៣០) រវាងក្រុមហ៊ុន ខេ.អេហ្វ.ភី និងតំណាងចែកចាយលក់ដុំដ៏ធំមួយ ដែលមានទីតាំងនៅក្នុងប្រទេសអូស្ត្រាលី ដែលកិច្ចព្រមព្រៀងនេះជួយត្រួសត្រាយផ្លូវ សម្រាប់ការផ្គត់ផ្គង់ស្វាយស្ងួតកម្ពុជា ទៅកាន់ហាងទំនិញល្បីៗនៅទូទាំងប្រទេសអូស្ត្រាលី។

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា ភាពជាដៃគូនៃការនាំចេញនេះ គឺជាភស្តុតាងដែលបង្ហាញពីការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី។ ភាពជាដៃគូនេះ ក៏បានបង្ហាញពីរបៀបនៃការគាំទ្រដែលផ្តោតសំខាន់លើគោលដៅ និងភាពជាដៃគូក្នុងវិស័យឯកជន ក្នុងការបង្កើតទីផ្សារថ្មីៗ និងធ្វើឲ្យប្រសើរឡើងនូវភាពប្រកួតប្រជែងក្នុងវិស័យកសិ-ចំណីអាហាររបស់កម្ពុជា។

លោកបន្ថែមថា ការនាំចេញដំណាប់ស្វាយស្ងួតនេះ គឺស្របទៅនឹងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ត្រឹមឆ្នាំ ២០៤០ ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអូស្ត្រាលី និងបណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍។

ចំណែកលោកស្រី ឈន ដាលីស នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេ.អេហ្វ.ភី មានប្រសាសន៍ដែរថា ក្រុមហ៊ុនលោកស្រី មានសេចក្តីសោមនស្សក្នុងការនាំយកស្វាយស្ងួតរបស់កម្ពុជា ទៅកាន់អតិថិជនអូស្ត្រាលី។ ភាពជាដៃគូរបស់ក្រុមហ៊ុនលោកស្រី ជាមួយអូស្ត្រាលី មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ ដល់បុគ្គលិកជាង ១៧០០នាក់ ដែលក្នុងចំណោមនោះមានបុគ្គលិកជាស្ត្រីចំនួន ៦០ភាគរយ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយបង្កើនប្រាក់ចំនូលដល់កសិករខ្នាតតូច និងធ្វើឲ្យប្រសើរឡើងនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជា សម្រាប់ផលិតផលដែលមានគុណ ភាពផងដែរ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះ អាចកើតឡើងដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលបានជួយក្រុមហ៊ុន ខេ.អេហ្វ.ភី ដើម្បីជំរុញការត្រៀមខ្លួនរួចរាល់ក្នុងការនាំចេញ ក៏ដូចជាបង្កើនបណ្តាញទំនាក់ទំនងធុរកិច្ចជាមួយអូស្ត្រាលី ផងដែរ។
ភាពជោគជ័យនេះ កើតឡើងស្របគ្នាទៅនឹងការដំឡើងខ្សែច្រវាក់ផលិតកម្មទឹកស្វាយកែច្នៃលើកដំបូងរបស់កម្ពុជា នៅក្នុងក្រុមហ៊ុន ខេ.អេហ្វ.ភី តាមរយៈការគាំទ្របច្ចេកទេសពីអូស្ត្រាលី។ ម៉ាស៊ីនខ្សែច្រវាក់ផលិតកម្មថ្មីនេះ អនុញ្ញាតឲ្យមានភាពច្នៃប្រឌិត ក្នុងការកែប្រែកាកសំណល់ផ្លែស្វាយទាំងនោះទៅជាផលិតផលដែលមានតម្លៃ។ វាក៏នឹងអនុញ្ញាតឲ្យក្រុមហ៊ុន ខេ.អេហ្វ.ភី អាចទិញផ្លែស្វាយ ពីកសិករដោយមិនគិតពីទំហំដើម្បីកែច្នៃទៅជាទឹកស្វាយកែច្នៃ និងភេសជ្ជៈស្វាយទុំ ដែលអាចផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។
គួរឱ្យដឹងថា ការនាំចេញដំណាប់ស្វាយស្ងួតចំនួន ២០តោននេះ ធ្វើឡើងបន្ទាប់ពីការនាំចេញនាពេលថ្មីៗនេះ នូវផ្លែឈើស្ងួត និងគ្រាប់ស្វាយចន្ទីកែច្នៃរួច ដោយក្រុមហ៊ុន Royal Trust Trading និងការនាំចេញអង្ករដោយក្រុមហ៊ុន Amru Rice៕
អត្ថបទ៖ វីរៈ រូបភាព៖ ស្ថានទូតអូស្រ្ដាលី


