ក្រុមហ៊ុននៅតួកគីយ៉េ ចាប់អារម្មណ៍នាំចូលអង្ករ គ្រាប់ស្វាយចន្ទី និងផ្លែឈើក្រៀម ពីកម្ពុជា  

ក្រុមហ៊ុនដ៏ធំមួយនៅប្រទេសតួកគីយ៉េ បានចាប់អារម្មណ៍នាំចូលនូវផលិតផលអង្ករ គ្រាប់ស្វាយចន្ទី ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិផ្សេងទៀតពីប្រទេសកម្ពុជា ដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារប្រទេសរបស់ខ្លួន និងបណ្ដាប្រទេសមួយចំនួនទៀត។

តាមដានជាមួយយើង៖ Million Times

ការបង្ហាញចំណាប់អារម្មណ៍បែបនេះ គឺនៅក្នុងជំនួបពិភាក្សារវាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោក Hasan GÜMÜŞ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yayla នាថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ។

ក្រុមហ៊ុន Yayla គឺជាក្រុមហ៊ុននាំចូលគ្រាប់ធញ្ញជាតិ និងផលិតនូវផលិតផលម្ហូបអាហារធំជាងគេ និងច្រើនប្រភេទមួយនៅក្នុងប្រទេសតួកគីយ៉េ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ និងមានសមត្ថភាព ផលិតកម្មផលិតផលម្ហូបអាហារប្រមាណ ១លានតោន ក្នុងមួយឆ្នាំ និងមានទីតាំងលក់រាយជាង ៦ម៉ឺនកន្លែងនៅក្នុងប្រទេសតួកគីយ៉េ និងសហភាពអឺរ៉ុប។

នៅក្នុងជំនួបនេះ លោក Hasan GÜMÜŞ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yayla បានអំណរគុណ ចំពោះលោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកទស្សនកិច្ចនៅក្រុមហ៊ុន Yayla ដោយក្រុមហ៊ុនបានបង្ហាញអំពីចំណាប់អារម្មណ៍ ក្នុងការនាំចូលនូវផលិតផលអង្ករ គ្រាប់ស្វាយចន្ទី ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិផ្សេងទៀតពីប្រទេសកម្ពុជា ដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងប្រទេសតួកគីយ៉េ និងនាំចេញទៅទីផ្សារអឺរ៉ុប និងមជ្ឈិមបូព៌ា។

ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសំណើររបស់ក្រុមហ៊ុនក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ និងដៃគូពាណិជ្ជកម្មនៅកម្ពុជា និងបានជម្រាបជូនបន្ថែមអំពីសក្តានុពល និងលក្ខណៈពិសេសរបស់ផលិតផលកសិកម្មកម្ពុជា ជាពិសេសអង្ករ និងគ្រាប់ស្វាយចន្ទី។

លោកជំទាវ ចម និម្មល បានបញ្ជាក់ថា នឹងយកសំណើររបស់ក្រុមហ៊ុន ផ្តល់ជូនទៅវិស័យឯកជន អ្នកផលិត និងអ្នកផ្គត់ផ្គង់នៅកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន និងសិក្សាអំពីលទ្ធភាពក្នុងការនាំចេញមកទីផ្សារប្រទេសតួកគីយ៉េ៕

អត្ថបត៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម