កងកម្លាំងបង្ក្រាបបទល្មើសនេសាទរបស់យោធភូមិភាគទី៥ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីកម្លាំងរដ្ឋបាលជលផលផងនោះ បានបង្ក្រាបរថយន្ដដឹកលៀសខុសច្បាប់ ១គ្រឿង ដោយមានលៀសចំនួន ២០តោន។ នេះបើតាមការឱ្យដឹងពីគណៈបញ្ជាការបង្រ្កាបបទល្មើសនេសាទខុសច្បាប់បឹងទន្លេសាប។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយបង្ក្រាបឡានដឹកលៀសខុសច្បាប់ ម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3H. 0196 បើកបរដោយឈ្មោះ ចាន់ ធី ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

គណៈបញ្ជាការបង្រ្កាបបទល្មើសនេសាទខុសច្បាប់បឹងទន្លេសាប បានឱ្យដឹងបន្តថា រថយន្តនេះ បានដឹកជញ្ជូនលៀសប្រភេទចំណី ដោយដឹកចេញពីចំណុចកំពង់ឃ្នាស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយដោយគោលដៅ គឺត្រូវដឹកទៅប្រទេសវៀតណាម។

ប្រភពដែល បានឱ្យដឹងទៀតថា គោលដៅដែលកងកម្លាំងឃាត់បាន គឺស្ថិតនៅភូមិស្វាយបេការ៉ង ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់មកកងកម្លាំង ក៏បាននាំមកស្នាក់ការរបស់យោធភូមិភាគទី៥ ទិសឆ្នុកទ្រូ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។

ចំណែកលៀស ដែលជាប្រភេទលៀសចំណីល្អិតៗនោះ ត្រូវបានកងកម្លាំងសហការចម្រុះ ដែលមានមន្ត្រីរដ្ឋបាលជលផលចូលរួម បានប្រលែងចូលក្នុងទន្លេសាបវិញ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម


