នៅស្រុកមេមត់ មានប្រវត្តិដាំដំណាំកាហ្វេតាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះ ហើយបច្ចុប្បន្នមានប្រជាកសិករចំនួន ៤គ្រួសារ កំពុងដាំដំណាំកាហ្វេនេះលើផ្ទៃដីជាង ១៥ហិកតា។ នេះបើតាមការឱ្យដឹងពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។

ការឱ្យដឹងនេះ ស្របពេលដែលឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួន ចុះពិនិត្យផលិតកម្មដំណាំកាហ្បេរបស់លោក ងួន សុជាតិ និងលោកស្រី ហេង ធីតា នៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោក ងួន សុជាតិ ម្ចាស់ចម្ការកាហ្វេ បានឱ្យដឹងថា ដោយពិនិត្យឃើញកាហ្វេ កំពុងពេញនិយមក្នុងស្រទាប់ប្រជាពលរដ្ឋទាំងទីក្រុង ទីប្រជុំ ជនបទ គ្រួសាររបស់លោក មានការចាប់អារម្មណ៍លើការដាំដំណាំកាហ្វេនេះ ហើយបានចាប់ផ្តើមដាំនៅឆ្នាំ២០២០ លើផ្ទៃដី ៥ហិកតា ដែលមកដល់ពេលនេះ ប្រមូលផលបាន ៣ឆ្នាំមកហើយ ដោយលោកលក់គ្រាប់កាហ្វេហាលស្ងួតទៅកាន់ទីផ្សារនៅភ្នំពេញ និងខេត្តកំពង់ចាម។

ដោយពិនិត្យឃើញតម្រូវការកាន់តែច្រើន គ្រួសារលោក ងួន សុជាតិ បានសម្រេចពង្រីកផ្ទៃដីដាំដុះបាន ៥ហិកតាទៀត ដែលគ្រោងប្រមូលផលដំបូងនៅឆ្នាំក្រោយនេះ។ លោក ងួន សុជាតិ សង្ឃឹមថា តម្រូវការកាហ្វេនៅតែច្រើន និងបានអំពាវនាវឱ្យមានការដាំដុះកាហ្វេកាន់តែច្រើន ក៏ដូចជាចងក្រងគ្នាជាក្រុម ឬជាសហគមន៍ ដើម្បីបង្ហាញឱ្យឃើញពីសក្តានុពលកាហ្វេក្នុងស្រុក ឈានទៅជំនួសគ្រាប់កាហ្វេនាំចូលពីក្រៅប្រទេស។

ចំណែកលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងដែរថា ស្រុកមេមត់ មានប្រវត្តិដាំដំណាំកាហ្វេនេះតាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះ ដោយជនជាតិបារាំងលើផ្ទៃដីប្រមាណ ២៤០ហិកតា។ លោកបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានប្រជាកសិករចំនួន ៤គ្រួសារ កំពុងដាំដំណាំកាហ្វេនេះលើផ្ទៃដីជាង ១៥ហិកតា ក្នុងស្រុកមេមត់នេះ។
នាឱកាសនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានកោតសរសើរដល់លោក ងួន សុជាតិ និងលោកស្រី ហេង ធីតា ដែលបានដាំដំណាំកាហ្វេនេះ ក៏ដូចជាចូលរួមគាសកកាយប្រវត្តិដំណាំកាហ្វេ ក្នុងស្រុកមេមត់នេះឡើងវិញ។ ឯកឧត្ដម បានអំពាវនាវឱ្យមានការដាំដុះកាន់ច្រើនពីកសិករផ្សេងៗទៀតនូវដំណាំកាហ្វេនេះ ហើយចង់ឃើញអ្នកដាំកាហ្វេចងក្រងគ្នាជាក្រុម ឬជាសហគមន៍កសិកម្ម៕
អត្ថបទ៖ វីរៈ រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ


