ក្រុមប្រឹក្សាភិបាលទឹកដោះគោកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក និងផ្សារទំនើប AEON Mall បានចាប់ដៃគូជាមួយគ្នាក្នុងការបើកដំណើរការផ្លូវការ នៃផលិតផលទឹកដោះគោ Challenge នៅកម្ពុជា។

ពិធីបើកដំណើរការលក់ទឹកដោះគោកាលីហ្វ័រញ៉ា បានប្រព្រឹត្តទៅនៅផ្សារទំនើប AEON Mall Phnom Penh នាថ្ងៃទី៣ ខែវិច្ឆិកានេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ, លោកស្រី Janet Arellano តំណាងក្រុមប្រឹក្សាភិបាលទឹកដោះគោកាលីហ្វ័រញ៉ា (California Milk Advisory Board) និងលោក Tomokazu Furuki តំណាងផ្សារទំនើប AEON Mall។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចូលរួមអបអរសាទរចំពោះកិច្ចសហការនេះ ដែលភាពជាដៃគូនេះ បានបង្ហាញពីការជឿជាក់កាន់តែខ្លាំងរបស់វិនិយោគិនអន្តរជាតិ ចំពោះសក្តានុពលទីផ្សាររបស់ប្រទេសកម្ពុជា។

ឯកឧត្ដម បានបន្ថែមថា ការលក់ទឹកដោះគោនាំចូលពីសហរដ្ឋអាមេរិក គឺស្របនឹងគោលនយោបាយរបស់កម្ពុជា ចំពោះការលើកលែងពន្ធនាំចូល ១០០ភាគរយ ពីទំនិញឧហ្សាហកម្ម និងកសិកម្មរបស់សហរដ្ឋអាមេរិក ដែលសមិទ្ធផលនេះ មិនមែនត្រឹមតែជាការពង្រឹងភាពជោគជ័យ នៃផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេ។ ប៉ុន្តែជាការចាប់ផ្តើមនៃសេដ្ឋកិច្ចបើកចំហររបស់កម្ពុជា និងផ្តល់អនុភាពសម្រាប់សហគ្រិនបរទេស ដែលចង់វិនិយោគក្នុងរយៈពេលវែងនៅកម្ពុជា។

ឯកឧត្តម លី ធុជ ជឿជាក់ថា ការលើកលែងយកពន្ធលើទំនិញឧហ្សាហកម្ម និងកសិកម្មពីសហរដ្ឋអាមេរិក នឹងបន្តជំរុញឱ្យមានការទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគកាន់តែខ្លាំងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសទៅលើវិស័យពានិជ្ជកម្មអាហារ និងកសិកម្ម។
ក្នុងនោះដែរ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ពីការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី ក្នុងការប្តេជ្ញាធ្វើទំនើបកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាទៅជាតួអង្គសំខាន់នៅក្នុងតំបន់ និងទូទាំងពិភពលោក តាមរយៈសេដ្ឋកិច្ចបើកចំហររបស់កម្ពុជា។ ការដឹកនាំរបស់សម្តេចធិបតី បានបើកផ្លូវសម្រាប់ភាពជាដៃគូ ដែលលើកកម្ពស់ស្តង់ដា និងកសាងវិបុលភាពយូរអង្វែង៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម លី ធុជ


