អនុរដ្ឋមន្រ្តីការបរទេសកូរ៉េ៖ កម្ពុជា ជាប្រទេសដ៏ស្រស់ស្អាត និងមានវប្បធម៌ដ៏ជ្រាលជ្រៅ

លោកស្រី អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង បានកោតសរសើរអំពីភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ហើយថា លោកស្រី មានគម្រោងនាំក្រុមគ្រួសារមកទស្សនាប្រទេសកម្ពុជា ផង ដែរ។ នេះបើតាមខ្លឹមសារជំនួបរវាងឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ ជាមួយលោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី ២ នៃក្រសួងការបរទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ១៧ ខែតុលា។

តាមដានជាមួយយើង៖ Million Times

លោកស្រី គីម ជីណា រួមទាំងគណៈប្រតិភូ បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី ១៦ ខែតុលា ដោយបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត។

សម្រាប់ជំនួបជាមួយឯកឧត្តម ស សុខា គឺលោកស្រី អនុរដ្ឋមន្រ្តី បានផ្លាស់ប្ដូរយោបល់គ្នាប្រកប ដោយការស្ថាបនាត្រង់ទៅត្រង់មក ក្នុងស្មារតីសហប្រតិបត្តិការខ្ពស់ ព្រមទាំងបានឯកភាពលើចំណុច​សំខាន់ៗមួយចំនួន ដើម្បីផ្ដល់ថាមពលបន្ថែមទៀត ដល់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។

នៅក្នុងជំនួបដដែលនេះ លោកស្រី គីម ជីណា បានជម្រាបជូនឯកឧត្តម ស សុខា អំពីការចាប់អារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល ចំពោះទិដ្ឋភាពប្រទេសកម្ពុជាដែលលោកស្រី ទើបបានឃើញផ្ទាល់ភ្នែកជាលើកដំបូង ដោយពោលសរសើរក្នុងន័យដើមថា «កម្ពុជា ជាប្រទេសដ៏ស្រស់ស្អាត និងមានវប្បធម៌ដ៏ជ្រាលជ្រៅ»។

ជាមួយគ្នានេះ លោកស្រី អនុរដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីគម្រោងនាំក្រុមគ្រួសាររបស់លោកស្រី មកទស្សនាប្រទេសកម្ពុជាជាលក្ខណៈឯកជន ដោយក្ដីរីករាយ នាពេលខាងមុខ ផងដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម ស សុខា