រដ្ឋមន្រ្តីបរិស្ថាន៖ រោងចក្រទាំងអស់ ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់ ចាប់ពីឆ្នាំក្រោយទៅ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត ជំរុញឱ្យម្ចាស់រោងចក្រទាំងអស់ ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានគុណភាពខ្យល់នៅក្នុងរោងចក្ររបស់ខ្លួន។ បើមិនដូច្នេះទេ ក្រសួងបរិស្ថាន នឹងសហការជាមួយក្រសួងពាណិជ្ជកម្ម ចាត់វិធានការតាមច្បាប់។ ការជំរុញនេះ គឺនៅក្នុងពិធីបិទយុទ្ធនាការប្រចាំឆ្នាំផ្ទៃមេឃពណ៌ខៀវ និង ការបញ្ចេញឧស្មន័ស្មើសូន្យឆ្នាំ២០៥០ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា ៣១៦ បានចែង ស្តីពី ការទទួលខុសត្រូវរបស់ម្ចាស់ និងប្រតិបត្តិករ ចំពោះការបញ្ចេញសាធាតុនៃការបំពុលខ្យល់។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា អង្គការសហប្រជាជាតិ បានរកឃើញមូលហេតុចម្បងៗ នៃវិស័យចំនួន ៦ រួមមាន៖ វិស័យថាមពល វិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យព្រៃឈើ វិស័យគីមី និងវិស័យសំរាម ដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ និងមានការកើនឡើងកម្តៅផែនដី។ សម្រាប់កម្ពុជាបានចូលរួមឆ្លើយតបបញ្ហាការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា ក្រសួងបរិស្ថាន ប្តេជ្ញាដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុលើវិស័យទាំងអស់នេះ ដើម្បីកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យមានការចូលរួម ក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដែលបានអនុវត្តកន្លងមក និងរួមគ្នា “យកជំហានឆ្លាតវៃ រួបរួមគ្នា” (take smart, united steps) ឆ្ពោះទៅរកខ្យល់ស្អាត និងការគ្រប់គ្រងសំរាម និងសំណល់រឹងប្រកបដោយចីរភាព។

«ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងសង្គមកម្ពុជា អាចធ្វើឱ្យផ្ទៃមេឃពណ៌ខៀវ និងប្រែក្លាយកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ វាក្លាយជាការពិត មិនមែនត្រឹមតែជាចក្ខុវិស័យ»។ នេះជាការលើកឡើងបន្ថែម ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងបរិស្ថាន