អាជ្ញាធរខណ្ឌ ៧មករា បានរៀបចំពិធីសែនក្រុងពាលីសុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដី ដើម្បីដំណើរការវាយរំលំសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ដែលមានអាយុកាលជាង ៧៥ ឆ្នាំមកហើយ។ ពិធីនេះ បានរៀបចំកាលពីព្រឹកថ្ងៃទី ១៧ ខែតុលា ដែលដឹកនាំដោយឯកឧត្តម យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ។


សំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ អាជ្ញាធរមានសមត្ថកិច្ច នឹងត្រូវចំណាយពេល ៤៥ថ្ងៃ ដើម្បីវាយរំលំសំណង់អគារអាយុកាលចំណាស់មួយនេះ ដោយចាប់ពីពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥។

យោងតាមសេចក្ដីជូនដំណឹងមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ៥ ខែឧសភាកន្លងទៅនេះ បានឱ្យដឹងថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) នេះ ត្រូវបានសាងសង់ឡើងតាំង ពីអំឡុងឆ្នាំ ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះមានអាយុកាល ៧៥ឆ្នាំហើយ។ អគារនេះមានក្រឡាផ្ទៃបាតទំហំសរុប ៥៩០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧បន្ទប់ និងធ្លាប់មានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៦៥គ្រួសារ។

ផ្នែកតាមលទ្ធផលនៃការចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពសំណង់ ការវិភាគលើតុណ្ហភាព និងសុវត្ថិភាព គ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពិសោធន៍លើសម្ភារៈសំណង់អគារនេះ របស់មន្ទីរពិសោធន៍ជាតិសំណង់, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យឃើញថា សំណង់អគារនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្គុំសំណង់ និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុ ដោយមិនផ្តល់សញ្ញាណជាមុន ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទ៖ វីរៈ រូបភាព៖ លោក ឌី រ័ត្នខេមរុណ