កិច្ចប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារួចរាល់ហើយ។

សេចក្តីព្រាងច្បាប់នេះមាន ៥ជំពូក និង ២៤មាត្រា ត្រូវបានសមាជិក-សមាជិករដ្ឋសភា លើកដៃអនុម័តយល់ព្រមក្នុង ១១២សំឡេងនៃចំនួនសមាជិកចូលរួមទាំងអស់។
រដ្ឋសភា បានលើកឡើងថា ច្បាប់នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈម តាមរយៈការបង្កើតវិធានព្រហ្មទណ្ឌ ដើម្បីបំពេញចន្លោះខ្វះខាតនៃច្បាប់បច្ចុប្បន្ន ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

គួរឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្របតាមស្តង់ដាជាអន្តរជាតិ។

ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោក ដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ដោយប្រើឧបាយកលទុច្ចរិតនានា ដូចជា៖ ការលួងលោម ឬការអូសទាញឱ្យប្រគល់នូវទ្រព្យ ឬដាក់ទុនវិនិយោគក្នុងគម្រោងវិនិយោគខ្យល់ណាមួយ ដោយមានការអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ឬការក្លែងជាការលក់ផលិតផល ឬផ្តល់សេវាកម្មអនឡាញជាដើម។

កម្ពុជាមានភាពចាំបាច់ក្នុងការរៀបចំច្បាប់នេះ ដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តផ្នែកនយោបាយដ៏មោះមុតឥតងាករេក្នុងការបោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យាឆ្នាំ២០២៤ និងប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ ព្រមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមលើទិដ្ឋភាពច្បាប់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត៕
អត្ថបទ៖ វីរៈ រូបភាព៖ រដ្ឋសភា



