ស្ថាប័នជំនាញ បន្តប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នការឆបោក ក្រោមរូបភាពផ្តល់ប្រាក់កម្ចីអនឡាញ

ស្ថាប័នជំនាញ បានបន្តប្រាប់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការឆបោក ក្រោមរូបភាពផ្តល់ប្រាក់កម្ចីអនឡាញ ខណៈនៅតែមានប្រជាពលរដ្ឋមួយចំនួនបានចាញ់បោកជនឆបោក។

តាមដានជាមួយយើង៖ Million Times

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៣ ខែកុម្ភៈនេះថា បានឱ្យដឹងថា កន្លងមកនាយកដ្ឋានបានធ្វើការផ្សព្វផ្សាយនូវការឆបោបោក ក្រោមរូមភាពផ្តល់ប្រាក់កម្ចីអនឡាញ។ ប៉ុន្តែនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា នៅតែមានប្រជាពលរដ្ឋមួយចំនួន បានចាញ់បោកជនអនាមិកក្រោមរូបភាពការផ្តល់កច្ចីអនឡាញ។

ដោយហេតុនេះហើយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សារធារណជនជាថ្មីម្តងទៀត ជាពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ត្រូវមានការប្រុងប្រយ័ត្នចំពោះការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធ និងការផ្តល់ប្រាក់កម្ចីអនទ្បាញ តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនានា ជាពិសេសតាមទំព័រហ្វេសប៊ុក និងតេលេក្រាម ដែលបានបង្ហោះផ្សព្វផ្សាយផ្តល់ប្រាក់កម្ចីអនឡាញ ក្រោមលក្ខខណ្ឌដាក់ស្នើកម្ចីងាយស្រួល ក្នុងគោលបំណងទាក់ទាញឱ្យប្រជាពលរដ្ឋ មានចំណាប់អារម្មណ៍ និងដាក់ស្នើកម្ចីអនឡាញ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្ថែមថា នៅពេលដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមចាប់អារម្មណ៍ និងទាក់ទងទៅតាមរយៈគណនីហ្វេសប៊ុក (Messenger) ជនអនាមិក នឹងតម្រូវឱ្យពួកគាត់ទាក់ទងទៅគណនីតេឡេក្រាមវិញ។ ក្រោយពួកគាត់ជជែកព្រមព្រៀង តាមតម្លៃស្នើប្រាក់កម្ចីរួច ជនអនាមិកតម្រូវឱ្យថតផ្ញើឯកសារមួយចំនួនមានដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ និងថតរូបកន្លែងធ្វើការ ជាដើម។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ទៀតថា បន្ទាប់មកជនអនាមិកបានផ្ញើ QR Code មកឱ្យពួកគាត់ដើម្បីវេរលុយ ជាថ្លៃរត់ឯកសារ ឬថ្លៃរដ្ឋបាល ជាដើម និងបន្តឱ្យវេរលុយជាបន្តបន្ទាប់ក្រោមមូលហេតុផ្សេងៗ រហូតផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ និងបានលុបសារទាំងអស់ចោល ដោយជនអនាមិកមិនបានផ្តល់ប្រាក់កម្ចីដល់ជនរងគ្រោះឡើយ ថែមទាំងអាចយកឯកសារដែលជនរងគ្រោះផ្ញើឱ្យ ធ្វើការគំរាម និងយករូបថតមិត្តភក្កិ បងប្អូន របស់ជនរងគ្រោះនៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកយកទៅបង្ហោះ បរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការធានាកម្ចីនេះថែមទៀតផង៕

អត្ថបទ៖ វីរៈ​ រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា