Mini App ធនាគារធំៗចំនួន២ ជាដៃគូជាមួយក្រសួងពាណិជ្ជកម្មក្នុងការទូទាត់កម្រៃសេវាសាធារណៈ

Mini App ធនាគារធំៗចំនួន២ បានក្លាយជាដៃគូជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការទូទាត់កម្រៃសេវាសាធារណៈ ដែលជាការធ្វើទំនើបកម្មមួយរបស់ក្រសួង ក្នុងចំណោមការធ្វើទំនើបកម្មក ផ្សេងទៀត។

តាមដានជាមួយយើង៖ Million Times

ក្នុងថ្ងៃទី២ នៃពិធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នាថ្ងៃទី៩ ខែមករានេះ ក្រសួងពាណិជ្ជកម្ម បានដាក់សម្ពោធនូវសមិទ្ធផលការងារទំនើបកម្មចំនួន ៤ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលក្នុងនោះក៏មាន Mini App របស់ធនាគារធំៗចំនួន ២ ផងដែរ។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សមិទ្ធផលការងារទំនើបកម្មទាំង ៤នោះ រួមមាន៖ ១. ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម ដែលបានការកាត់បន្ថយនីតិវិធី និងឯកសារតម្រូវដើម្បីសម្របសម្រួលដល់ការចុះបញ្ជីពាណិជ្ជកម្ម អោយកាន់តែមានភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ លឿនរហ័ស និងចំណេញពេលវេលា។

២. ការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈ ដែលបានបញ្ចូលការទូទាត់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដូចជាការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និងការដាក់ពាក្យស្នើសុំអនុវត្តដីការក្សាការពារ ទៅក្នុង ABA Mini App និង ACLEDA Mini App និងធនាគារផ្សេងៗទៀតក្នុងពេលឆាប់ៗខាងមុខ។

៣. ការលើកលែងការផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដោយអនុវត្តរាល់ការផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ គិតត្រឹមតែ ១ឆ្នាំចុងក្រោយ។

៤. ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី MOC Mobile App ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យពាណិជ្ជកម្ម ផ្តោតលើការជួយសម្រួលអនុវត្តនិងលើកកម្ពស់ប្រសិទ្ធការងារ របស់មន្ត្រីក្រសួងពាណិជ្ជកម្ម ឱ្យកាន់តែមានភាពប្រសើរជាងមុន៕

អត្ថបទ៖ វីរៈ​ រូបភាព៖ ក្រសួងពាណិជ្ជកម្ម