រដ្ឋមន្ត្រី ហែម វណ្ណឌី សម្ពោធដាក់ឱ្យដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ ខែតុលានេះ បានសម្ពោធដាក់ឱ្យដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី (NEVITI) ដែលជាវឌ្ឍនភាពថ្មីមួយទៀត ក្នុងការជំរុញការស្រាវជ្រាវ ការបណ្តុះបណ្តាលបច្ចេកទេស និងនវានុវត្តន៍ក្នុងវិស័យរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថាមពលថ្មី។

តាមដានជាមួយយើង៖ Million Times

វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង ក្រុមហ៊ុន GTV Motor និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស លើជំនាញរថយន្តអគ្គិសនី វិស្វកម្មយានយន្តអគ្គិសនី និងបច្ចេកវិទ្យាឧស្សាហកម្មថាមពលថ្មី ដែលគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅការផលិតប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីកម្ពុជា នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យយានយន្តរបស់កម្ពុជា និងស្របតាមគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០។

វិទ្យាស្ថាននេះ នឹងចូលរួមបណ្តុះបណ្តាលកម្លាំងពលកម្មកម្ពុជា សម្រាប់ការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យយានយន្តអគ្គិសនី ដែលជាឧស្សាហកម្មថាមពលថ្មីរបស់កម្ពុជា។

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកន្លងមក ដែលក្រុមហ៊ុន GTV Motor បានសម្របសម្រួលបញ្ជូនមន្ត្រីជំនាញបច្ចេកទេស គ្រូបង្គោល និងបុគ្គលិកក្រុមហ៊ុន ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាយានយន្តអគ្គិសនី នៅទីក្រុងឆុងឈីង ប្រទេសចិន។ គម្រោងនេះ ក៏រួមចំណែកដល់ការអនុវត្តក្របខ័ណ្ឌជាតិសំខាន់ៗ រួមទាំងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ផែនទីបង្ហាញផ្លូវវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងយុទ្ធសាស្ត្រ​អព្យាក្រឹតកាបូន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា គម្រោងនេះ​ក៏នឹងរួមចំណែកដល់ការកសាង “សហគមន៍កម្ពុជា-ចិនមានអនាគតរួមគ្នា” និងជាគំរូសម្រាប់កិច្ចទំនាក់ទំនងអន្តរជាតិថ្មីមួយ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដោយបំពេញបន្ថែមកម្មវិធីកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ ព្រមទាំងគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ច ដែលជំរុញដោយបច្ចេកវិទ្យា និងនិរន្តរភាព។

ឯកឧត្តមក៏ បានលើកទឹកចិត្តឱ្យវិទ្យាស្ថាន NEVITI សហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីអភិវឌ្ឍស្តង់ដារជាតិបន្ថែមទៀត សម្រាប់វិស័យយានយន្ត និងលើកកម្ពស់សមត្ថភាពធ្វើតេស្ត និងវិញ្ញាបនបត្រកម្ម ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងនៃវិស័យយានយន្តរបស់កម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងឧស្សាហកម្ម