ក្រុមហ៊ុនផលិតភេសជ្ជៈ Yeo’s នៅកម្ពុជា កំពុងសិក្សាលទ្ធភាពក្នុងការរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) ដើម្បីផ្តល់សេវាសុខាភិបាល ជូនពលរដ្ឋនៅតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះ និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្ស នៅតាមបណ្តាខេត្តនានា។


ការបង្ហាញអំពីគម្រោងបង្កើតនេះ គឺនៅក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo’s) ដឹកនាំដោយ លោក Na Wu Beng កាលពីរសៀលថ្ងៃទី ១៤ ខែតុលា។ ក្នុងជំនួបនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ជំនួបនារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជម្រាបអំពីបច្ចុប្បន្នភាពការងាររបស់ក្រុមហ៊ុនផលិតភេសជ្ជៈ Yeo’s នៅកម្ពុជា ដែលកំពុងមានដំណើរការរលូនក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក៏ដូចជាការចែកចាយលក់នៅក្នុងទីផ្សារ និងជាពិសេស។
ម្យ៉ាងទៀត ក៏ដើម្បីពិភាក្សាលើគម្រោងសិក្សាលទ្ធភាពក្នុងការរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្សនៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility – CSR) លើវិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំនៅកម្ពុជា ដែលជាការឆ្លើយតបទៅនឹងសំណើរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផងដែរ។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការសម្រេចចិត្ត និងចំណាត់ការយ៉ាងឆាប់រហ័សរបស់ លោក Robert Ng លើសំណើរបស់ឯកឧត្តម ក្នុងការពិនិត្យលទ្ធភាពលើការរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយនវានុវត្តន៍និងបច្ចេកវិទ្យាវេជ្ជសាស្រ្តជាន់ខ្ពស់ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះ ក៏ដូចជា គម្រោងក្នុងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្ស ដើម្បីចូលរួមបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភ និងជំរុញការរីកលូតលាស់ឱ្យបានសមស្រប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូក្រុមហ៊ុនដែរថា ភាគីរាជរដ្ឋាភិបាលកម្ពុជា រីករាយ និងត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្តល់កិច្ចសហការសម្របសម្រួល លើការសិក្សាសមិទ្ធិលទ្ធភាពគម្រោងដូចដែលបានរៀបរាប់ខាងលើ ដើម្បីគម្រោងអាចបោះជំហានទៅមុខក្នុងដំណាក់កាលបន្តបន្ទាប់ រហូតដល់សម្រេចបានជោគជ័យលេចចេញជារូបរាង។ ឯកឧត្តមបានបន្ថែមថា ការទទួលបានការថែទាំសុខភាពប្រសើរ ការទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់តាមវ័យ និងការទទួលបានការអប់រំ គឺជាកត្តាជំរុញឱ្យមូលធនមនុស្សនៅកម្ពុជាកាន់តែមានការរីកចម្រើន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង រៀបចំបង្កើតគ្លីនិកចល័ត និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារ ព្រមទាំងបានបង្ហាញនូវសុឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមសហការផ្តល់កិច្ចសម្របសម្រួល ដើម្បីជំរុញគម្រោងនេះឱ្យប្រព្រឹត្តទៅបានដោយរលូន ដើម្បីបានជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលមានតម្រូវការជាចាំបាច់៕
អត្ថបទ៖ វីរៈ រូបភាព៖ ឯកឧត្តម ស៊ុន ចាន់ថុល