ក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២៥នេះ ការចុះបញ្ជីយានយន្តអគ្គិសនីសរុបជាង ៥ពាន់គ្រឿង ដែលមានការកើនឡើងប្រមាណ ២ពាន់គ្រឿង។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។


ឯកឧត្ដម មានប្រសាសន៍ប្រាប់ Million Times នៅថ្ងៃទី ១៣ ខែតុលានេះ ថា ការចុះបញ្ជីយានយន្តអគ្គិសនី ក្នុងយៈពេល ៨ខែ ឆ្នាំ ២០២៥នេះ មាននិន្នាការកើនឡើងគួរកត់សម្គាល់ ដោយការចុះបញ្ជីសរុបមានចំនួន ៥ ៥៧១គ្រឿង ដោយក្នុងនោះ រថយន្ត ៤ ២៥១គ្រឿង, ត្រីចក្រយាន ១ ៦៧គ្រឿង និងទោចក្រយានយន្ត ១ ១៥៣គ្រឿង។
អ្នកនាំពាក្យដដែល បានឱ្យដឹងបន្តថា ការចុះបញ្ជីយានយន្តអគ្គិសនី ក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២៥នេះ មានការកើនឡើងចំនួន ២០៦៣គ្រឿង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤ ដែលមានត្រឹមតែ ៣ ៥០៨គ្រឿងប៉ុណ្ណោះ។ បើសរុបចាប់តាំងពីឆ្នាំ ២០១៨ មកដល់ខែសីហា ឆ្នាំ ២០២៥ ការចុះបញ្ជីយានយន្តអគ្គិសនីសរុប ១០ ៥៦៨គ្រឿង។
សូមជម្រាបជូនថា ការប្រើប្រាស់យានយន្តអគ្គិសនី មានគុណសម្បត្តិដូចជា៖ មិនបញ្ចេញឧស្ម័ន ពុលក្នុងបរិយាកាស មានសំឡេងស្ងាត់ ងាយស្រួលក្នុងការថែទាំ និងសន្សំសំចៃថវិកាច្រើនក្នុងការ ប្រើប្រាស់។ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យបានប្រមាណ ៤០ភាគរយ នៅឆ្នាំ ២០៥០ និងម៉ូតូ ៧០ភាគរយ នៅឆ្នាំ ២០៥០៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម