គំរូកង់បីខ្មែរ ដំឡើងដោយកូនអ្នកខេត្តបន្ទាយមានជ័យ បានរៀបចំរួចរាល់ហើយ ដែលជាប្រភេទកង់បី Plugin Hybrid System។ នេះបើតាមការឱ្យដឹងពីលោក ឈួន រតនា អ្នកដំឡើងកង់បីខ្មែរ ប្រាប់ Million Times នៅថ្ងៃទី ១២ ខែតុលានេះ។


លោក ឈួន រតនា ប្រាប់ថា មកដល់ពេលនេះ គំរូកង់បីខ្មែររបស់លោក ត្រូវបានរៀបចំដំឡើងរួចរាល់ហើយ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់កម្ម៉ង់ទិញ អាចទៅមើលបាន។ លោកថា បច្ចុប្បន្នរូបលោកនៅបន្តរង់ចាំខាងធនាគារចុះសិក្សា ដើម្បីអាចឱ្យលោកមានទុនសម្រាប់ការដំឡើងកង់បីខ្មែរ បន្ថែម។

កូនអ្នកខេត្តបន្ទាយមានជ័យរូបនេះ កំពុងកៀរគរទុនវិនិយោគបន្ថែម ដើម្បីបង្កើតជារោងចក្រខ្នាតតូចមួយ សម្រាប់ការដំឡើងកង់បីខ្មែរនេះ ដែលអាចខ្ចីលុយធនាគារ ឬក៏អាចវិនិយោគជាភាគហ៊ុន។

លោក ឈួន រតនា កាលពីខែឧសភាកន្លងទៅនេះ បានបង្ហោះអំពីការរៀបចំដំឡើងកង់បីខ្មែរ ដែលជាប្រភេទកង់បី Plugin Hybrid System។ លក្ខណៈពិសេសរបស់កង់បីខ្មែ រួមមាន៖
-សាកថ្មប្រើសូឡា
-សាកភ្លើងតាមផ្ទះបាន
-មិនបាច់ប្តូរប្រេងបាត
-ប្រពន្ធ័ហ្រាំងជំនួយដោយម៉ូទ័រ
-សាកម្តងរត់បាន៣០០km
-មានម៉ាស៊ីនសម្រាប់សាកបើចង់ទៅឆ្ងាយជាង៣០០km
-អាគុយប្រភេទ Life Po៤ ប្រើបាន២០ឆ្នាំ
-App សម្រាប់ហៅមិនគិតសេវា
-បើកកាត់ទឹកបានជំរៅ០.៨m។
អ្នកដំឡើងកង់បីខ្មែររូបនេះ បានឱ្យដឹងដែរថា មានប្រជាពលរដ្ឋជាច្រើនបានឆាតទៅលោក ដោយបង្ហាញការគាំទ្រចំពោះការដំឡើងកង់បីខ្មែរនេះ ហើយក៏ចាប់អារម្មណ៍កម្ម៉ង់ទិញជាច្រើននាក់ ផងដែរ៕
អត្ថបទ៖ វីរៈ រូបភាព៖ លោក ឈួន រតនា