ក្រសួងពីរ ជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន

ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរួមគ្នាជំរុញការអនុវត្តជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិតនៅតាមសាលារៀន។ ថ្នាក់ដឹកនាំក្រសួងទាំងពីរ គឺឯកឧត្តម ហង់ជួន ណារ៉ុន និងឯកឧត្តម ជា វ៉ាន់ដេត បានអញ្ជើញទទួលជួបពិភាក្សាការងារជុំវិញការជំរុញនេះ កាលពីថ្ងៃទី ៩ ខែតុលា។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា ការ​បញ្ចូល​ជំនាញ​ឌីជីថល​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ ​គឺជា​តម្រូវការ​ចាំបាច់​មួយ ​សម្រាប់​ការ​កសាងរដ្ឋាភិបាល​ឌីជីថល និង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ឌីជីថលរបស់​ប្រទេស ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​នឹង​ផ្តោត​លើ​ការ​គាំទ្រ​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ICT និង​ការ​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស ​ក្នុង​ការ​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​ឌីជីថល​ ដែល​មាន​គុណភាពខ្ពស់ ជាពិសេសចូលរួមសហការ ក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងប្រព័ន្ធអប់រំ។

ចំណែកឯឯកឧត្តម ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុង​ជំរុញ​ការ​កែទម្រង់​កម្មវិធីសិក្សា​ តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​គ្រូបង្រៀន​លើ​បច្ចេកវិទ្យា​ថ្មីៗ និង​ការ​បង្កើត​នូវ​ធនធាន​រៀន ​និង​បង្រៀន​តាម​ប្រព័ន្ធ​ឌីជីថលជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីអប់រំ បានគាំទ្រទៅលើការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងវិស័យអប់រំ ដោយលើកឡើង​ថា គម្រោង​នេះ​ នឹង​ក្លាយជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ការ​បង្រៀន និងការរៀនសូត្រនៅកម្ពុជា ឱ្យឈាន​ដល់​កម្រិត​ខ្ពស់​ស្របតាម​និន្នាការ​ពិភពលោក។

បើតាមក្រសួងអប់រំ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ AI នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងវិស័យអប់រំនៅកម្ពុជា។ ទន្ទឹមនេះ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មជ្ឈមណ្ឌលនេះ នឹងមានសក្តានុពលក្នុងការបង្កើនគុណភាពនៃការអប់រំ តាមរយៈការបង្កើតការផ្លាស់ប្តូរវិធីសាស្ត្រនៃការបង្រៀន និងរៀន ដោយប្រើប្រាស់បច្ចេកវិទ្យា AI ជាឧបករណ៍ជំនួយ សំដៅជំរុញគុណភាពអប់រំប្រកបដោយបរិយាបន្ន ទំនួលខុសត្រូវ សីលធម៌ និងសមធម៌ និងស្របតាមបរិបទសង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងអប់រំ