ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាឥឡូវមានកំណត់ស្តង់ដារថ្មី សម្រាប់កិច្ចការពារអតិថិជន

កាល​ពី​ពេលកន្លង​ទៅ​ថ្មី​ៗ​នេះ ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​​រៀបចំ​សិក្ខា​សាលា​មួយ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ Cerise+SPTF ដើម្បី​កំណត់​ស្តង់ដារ​ថ្មី សម្រាប់​កិច្ច​ការពារ​អតិថិជន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជានា​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ។

តាមដានជាមួយយើង៖ Million Times

ក្នុង​សិក្ខាសាលាផ្ដោត​ចម្បង​​គឺ​ការ​ដាក់​ឲ្យ​ដំណើរ​ការ​”ក្រម​ប្រតិបត្តិ សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​ឧបករណ៍​វាយ​តម្លៃ​នៃ​កិច្ច​ការពារ​អតិថិជន” និង​គម្រោង​វាយ​តម្លៃ ជា​ឧបករណ៍​ដំបូង​គេ​បង្អស់ ដែល​រួម​បញ្ចូល​ក្រម​ប្រតិបត្តិ សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា ជាមួយ​នឹង​ស្តង់ដារ​កិច្ច​ការពារ​អតិថិជន​របស់ Cerise-SPTF។

ព្រឹត្តិការណ៍​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ក្នុង​ការ​អនុវត្ត​ក្រម​ប្រតិបត្តិ សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ (BFI) និង​ស្តង់ដារ​កិច្ច​ការពារ​អតិថិជន​របស់ Cerise+SPTF ដែល​ទទួល​ស្គាល់​ជា​សាកល និង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​​ចិត្ត​របស់​កម្ពុជា ចំពោះ​ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ និង​បរិយា​បន្ន។

នៅ​ក្នុង​សិក្ខា​សាលា​នេះ​ដែរ ក៏​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​សំខាន់​ៗ​ដែល​កំពុង​ជួប​ប្រទះ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា រួម​ទាំង​ការ​គ្រប់គ្រង​អត្រា​ឥណទាន​មិន​ដំណើរ​ការ (NPLs) ការ​ជំពាក់​បំណុល​ច្រើន​លើសលប់ និង​ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការ​ផ្ដល់​ប្រាក់កម្ចី។ ដោយ​ភាគី​ពាក់ព័ន្ធ​បាន​គូស​បញ្ជាក់​ពី​ការ​ព្រួយបារម្ភ​ពី​ការ​អនុវត្ត​មួយ​ចំនួន ដូចជា​វិធីសាស្ត្រ​លក់ និង​ហានិភ័យ​ដែល​ទាក់ទង​នឹង​បំណុល​របស់​អតិថិជន ដោយ​បញ្ជាក់​ពី​តម្រូវ​ការ​ពង្រឹង​វិធាន​ការ​ការពារ​អតិថិជន។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុកដាក់​របស់​កម្ពុជា​ក្នុង​ការ​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ ការ​លើក​កម្ពស់​កំណើន​ប្រកប​ដោយ​និរន្តរភាព ការ​ទាក់ទាញ​ការ​វិនិយោគ និង​ការ​ការពារ​សុខុមាលភាព​របស់​អតិថិជន។

លោកស្រី ឌិត នីតា ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា “វា​ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ក្នុង​កិច្ចការ​នេះ។ ឧបករណ៍​វាយតម្លៃ​ការ​អនុវត្ត​កិច្ច​ការពារ​អតិថិជន​របស់​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ Cerise+SPTF ហើយ​វា​ក្លាយ​ជា​ឧបករណ៍​មួយ​ដែល​យើង​នឹង​ប្រើ​វា​ជា​ក្របខ័ណ្ឌ​ក្នុង​ការ​តម្រង់​ទិសដៅ​កិច្ច​ការពារ​អតិថិ។ ឧបករណ៍​នេះ​មិន​ត្រឹម​តែ​រួមបញ្ចូល​ក្រម​ប្រតិបត្តិ​សម្រាប់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ផ្ដល់​ជូន​​នូវ​សូចនាករ​ដែល​អាច​ឲ្យ​វាស់វែង​បាន ដើម្បី​វាយ​តម្លៃ​អនុលោម​ភាព​របស់​យើង​ផង​ដែរ”។

រីឯ​លោក រ័ត្ន សោភ័ណ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា ពន្យល់​ថា ការ​ដាក់​អនុវត្ត​ឧបករណ៍​សម្រាប់​វាស់វែង និង​វាយ​តម្លៃ​ពេល​នេះ គឺ​មាន​ន័យ​ថា ជា​ការ​រួម​បញ្ចូល​ការ​ត្រួត​ពិនិត្យ និង​វាយតម្លៃ​អនុលោម​ភាព​នៃ​ក្រម​ប្រតិបត្តិ និង​គោលការណ៍​សកល​ស្ដី​ពី​កិច្ច​ការពារ​អតិថិជន។ វា​ក៏​ស្ដែង ចេញពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សមាគម និង​សមាជិក​របស់​ខ្លួន ក្នុង​ការ​ការពារ​ស្ថិរភាព​ប្រព័ន្ធ​ធនាគារ ការ​ធ្វើ​ធុរកិច្ច​ធនាគារ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ តម្លាភាព និង​ការ​ធានា​ថា​កិច្ច​ការពារ​អតិថិជន គឺជា​អាទិភាព​ចម្បង​រាល់​សកម្មភាព​ប្រកប​ការងារ​ធុរកិច្ច​ធនាគារ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ សមាគមធនាគារនៅកម្ពុជា