កម្ពុជា ស្នើជប៉ុនជួយធ្វើឱ្យប្រសើរនូវកំណាត់ផ្លូវជាតិលេខ១ ពីភូមិសាស្រ្តរាជធានីភ្នំពេញ

កំណាត់ផ្លូវជាតិលេខ ១ គឺជាផ្លូវយុទ្ធសាស្រ្តសេដ្ឋកិច្ចយ៉ាងសំខាន់ ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ(AH1) ឆ្លតកាត់តំបន់ទំនាបនៃមហាអនុតំបន់មេគង្គ(GMS) បម្រើឱ្យកិច្ចសហប្រតិបត្តិការ ការប្រកួតប្រជែង ការរួមគ្នារស់ នៅជាសហគមន៍ ការតភ្ជាប់ ការធ្វើសមាហរណកម្មតំបន់ និងសកលភាវូបនីយកម្ម ពិសេសការដឹកជញ្ជូនឆ្លងកាត់ ព្រំដែន ការផ្គត់ផ្គង់ភស្តុភារ លំហូរពាណិជ្ជកម្ម និងទេសចរណ៍ជាតិ-អន្តរជាតិ ដែលឆ្លងកាត់តាមច្រកទ្វារអន្តរជាតិ នានារបស់កម្ពុជា។

ឆ្លើយតបនឹងផ្លូវយុទ្ធសាស្រ្តដ៏សំខាន់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើអង្គការ JICA ធ្វើឱ្យប្រសើរនូវកំណាត់ផ្លូវជាតិលេខ១ ពីភូមិសាស្ត្ររាជធានីភ្នំពេញ ទៅដល់កំពង់ផែស្វយ័តភ្នំពេញ និងការសាងសង់បន្ថែមនូវស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ធ្វើដំណើរ ឬដឹកទំនិញនានា ចេញ-ចូល ឆ្លងកាត់រាជធានីភ្នំពេញ។ ការប្រកាសស្នើដល់ភាគីអង្គការ JICA ធ្វើឡើងជំនួបរវាងថ្នាក់ដឹកនាំក្រសួងសាធារណការ និងអង្គការ JICA ក្នុងពេលពិភាក្សាការងារភាពជាដៃគូអភិវឌ្ឍន៍ JICA អំពីគម្រោងស្ថិតក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃកម្ពុជា នាពេលថ្មីៗនេះ។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបនោះ ភាគីក្រសួងសាធារណការ បានបង្ហាញភាពចាំបាច់នៃអភិវឌ្ឍន៍ក្នុងភូមិសាស្ត្រដែលបានលើកឡើង និងដោយផ្អែកលើទិន្នន័យនៃការសិក្សាប្រមូលធាតុចូល ភាគីអង្គការ JICA ដោយ JICA បានឯកភាពទទួលយកសំណើ ហើយនឹងដាក់ឆ្លងទៅថ្នាក់ដឹកនាំរបស់ខ្លួន។

ជាមួយគ្នានោះផងដែរ ថ្នាក់ដឹកនាំនៃក្រសួងសាធារណការ បានវាយតម្លៃខ្ពស់ដល់ JICA ដែលជាតំណាងរដ្ឋាភិបាលជប៉ុន ក្នុងការជួយស្តារ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជានាពេលកន្លងមក និងសង្ឃឹមយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទាំងពីរ។

គួររំលឹកថា គម្រោងធ្វើឲ្យប្រសើរនូវកំណាត់ផ្លូវជាតិលេខ ១ មានប្រវែងសរុប ៤ គីឡូម៉ែត្រ គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ត្រើយខាងកើត គីឡូម៉ែត្រ លេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារ អំពៅរាជធានីភ្នំពេញ ត្រូវបានបើកឲ្យប្រើប្រាស់ដំណាក់កាលទី៤ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

គម្រោងសាងសង់ធ្វើឲ្យប្រសើរឡើងនេះ ចំណាយថវិកាសរុបជាង ២៣ លានដុល្លារអាមេរិក ក្នុងនោះថវិកាប្រមាណ ជា១៦លាន ដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងថវិកា៧,៨៧លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយគោលនយោបាយ និងផលប៉ះពាល់៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងសាធារណការ