សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ

ក្នុងពេលអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី ៦ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញក្ដីសង្ឃឹមថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។

នៅក្នុងជំនួបនេះ លោក ផាក ជុងវុក ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានជម្រាបជូនសម្ដេចតេជោ អំពីកំណើនការវិនិយោគកូរ៉េនៅកម្ពុជា និងកំណើនពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

តាមដានជាមួយយើង៖ Million Times

លោកទូតកូរ៉េ ក៏បានបញ្ជាក់ដែរថា គណៈកម្មាធិការចម្រុះ CKFTA បានរៀបចំកិច្ចប្រជុំលើកទី ១ ដោយជោគជ័យ និងបានពិនិត្យគម្រោងនានា។ ក្នុងនោះ ក៏មានគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាគម្រោងស្នើដោយសម្តេចតេជោផ្ទាល់ កាលពីឆ្នាំ ២០២២។ លោក ផាក ជុងវុក បានបញ្ជាក់ទៀតថា ស្ថានទូតកូរ៉េ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការចម្រុះ CKFTA និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។    

ជាការឆ្លើយតប​ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញក្ដីសង្ឃឹមថា សម្តេច នឹងបានឃើញដោយផ្ទាល់ភ្នែកក្នុងពេលឆាប់ៗខាងមុខ នូវស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរនេះ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ប្រទេសយើងទាំងពីរ កម្ពុជា-កូរ៉េ ជាប្រទេសដន្លងនឹងគ្នា ដោយស្ត្រីកម្ពុជាជាច្រើន បានរៀបការជាមួយនឹងបុរសជនជាតិកូរ៉េ។ ដូច្នេះ គួរធ្វើយ៉ាងណាឲ្យកូនកាត់កម្ពុជា-កូរ៉េទាំងនោះ អាចចេះទាំង ២ភាសា គឺភាសាកម្ពុជា និងភាសាកូរ៉េ ដើម្បីឲ្យគេស្គាល់អត្តសញ្ញាណរបស់គេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបពីបំណងចូលជួបជាមួយប្រធានាធិបតីកូរ៉េ ដែលសម្ដេចអាចចាត់ទុកថា ជាមិត្តចាស់របស់សម្តេច នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសកូរ៉េ នៅខែកញ្ញា ឆ្នាំ ២០២៤ខាងមុខ។ ដំណើរទស្សនកិច្ចនេះ គឺដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) នៅរដ្ឋធានីសេអ៊ូល និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise នៅទីក្រុង Gyeonju៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមការងារព័ត៌មានសម្ដេចតេជោ