ផ្សារទំនើបរបស់ខ្មែរ K Mall បើកគម្រោងសាងសង់សាខាទី២ មិនឆ្ងាយពីព្រលានយន្តហោះតេជោតាខ្មៅ

ផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall) បើកការដ្ឋានសាងសង់ជាផ្លូវការនៃគម្រោងផ្សារទំនើបថ្មីមួយទៀតឈ្មោះថា ខេ ម៉លព្រែកត្នោត (K Mall Prek Thnoat) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnoat) ​មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមហាវិថីសម្តេច ហ៊ុន សែន និងត្រឹមតែ ១៥នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបើកដំណើរការផ្លូវការ​នាពាក់កណ្តាលឆ្នាំ ២០២៦ខាងមុខនេះជាមួយនឹងដំណាក់កាលដំបូង។

បន្ទាប់ពីទទួលបានជោគជ័យនៃដំណើរការផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall) ដោយមានអតិថិជនប្រមាណជាង ៦,៣០០នាក់ជារៀងរាល់ថ្ងៃ និងមានដៃគូអាជីវកម្មចំនួន ៣៨រួមមាន ហាងទំនិញ ហាងកាហ្វេ និងភោជនីយដ្ឋានល្បីៗ។

សូមជម្រាបថា ផ្សារ​ទំនើប K Mall គឺជា​គម្រោង​ផ្សារ​ទំនើប​ ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Urbanland ហើយជាបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន ISI Group ដែលមានពាណិជ្ជកម្មក្នុងវិស័យដូចជា គ្រឿងសំណង់, សំណង់, អចលនទ្រព្យ, បុរី និងផ្សារទំនើបជាដើម៕

អត្ថបទ៖ ស៊ីណាត រូបភាព៖ ផ្សារ ខេ ម៉ល