ក្រសួងរៀបចំដែនដី សម្រេចចេញបណ្ណកម្មសិទ្ធិជាង ៤ពាន់បណ្ណ​ ជូនអតិថិជនទិញពីគម្រោងអភិវឌ្ឍន៍ចំនួន ៩ក្រុមហ៊ុន  

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចចេញបណ្ណកម្មសិទ្ធិជាង ៤ ពាន់បណ្ណ ជូនអតិថិជនដែលបានទិញផ្ទះពីគម្រោងអភិវឌ្ឍន៍បុរី ផ្ទះល្វែង និងដីឡូត៍ចំនួន ៩ក្រុមហ៊ុន។

តាមដានជាមួយយើង៖ Million Times

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី ផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានឱ្យដឹងថា បន្ទាប់ពីបានទទួលពាក្យ និងផ្ទៀងផ្ទាត់ឯកសារសម្រាប់បន្តនីតិវិធី ចុះបញ្ជីផ្ទេរបណ្ណកម្មសិទ្ធិរបស់អតិថិជន ដែលបានទិញផ្ទះពីគម្រោងអភិវឌ្ឍន៍បុរី ផ្ទះល្វែង និងដីឡូត៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ, ក្រុមការងារក្រសួងរៀបចំដែនដី បានសម្រេចចេញបណ្ណកម្មសិទ្ធិចំនួន ៤ ២៤៨បណ្ណជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ ១០០% បានបំពេញគ្រប់លក្ខខណ្ឌ និងមិនជាប់ពាក់ព័ន្ធជាមួយតតិយជន។

គម្រោងទាំងនោះ រួមមាន៖ ១. បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ចំនួន ២ ៧០៥បណ្ណ, ២. បុរីរុងរឿងទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យចំនួន ៥៦០បណ្ណ, ៣. បុរីម៉ន ដានី គម្រោងទី ១០, ១៤, ១៦, ១៧, ១៨, ១៩, ២០, ២១, ២២, ២៤, ២៥ និងគម្រោងទី២៦ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យចំនួន ៤៦៨បណ្ណ, ៤. បុរីនាគរាជសិទ្ធី ភូមិទួលពឡាំង សង្កាត់ពន្សោង ខណ្ឌព្រែកព្នៅ ចំនួន ១១៦បណ្ណ។

៥. បុរីចាវ សុជាតិ គម្រោង៦ ភូមិត្នោតខ្ពស់ សង្កាត់ពន្សោង ខណ្ឌព្រែកព្នៅ ចំនួន ៩៩បណ្ណ, ៦. បុរីចាន់ នន់វិទ្យា ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ចំនួន ១០៩បណ្ណ, ៧. គម្រោងផ្ទះល្វែងវេង ឡុង ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ចំនួន ៩៦បណ្ណ, ៨. បុរីវី អាយ ភី ភូមិម៉ឺនត្រា, ភូមិគោកឪឡឹក និងភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោចំនួន ៦៧បណ្ណ និង៩. បុរីសុខ សាន្ត ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ចំនួន ២៨បណ្ណ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញអតិថិជនរបស់គម្រោងអភិវឌ្ឍន៍បុរី ផ្ទះល្វែង និងដីឡូត៍ទាំង ៩ក្រុមហ៊ុនខាងលើ ទៅទទួលយកបណ្ណកម្មសិទ្ធិ នៅសាលសន្និបាត២០២១ ជាន់ទី២ នាទីស្តីការក្រសួង ដ.ន.ស. ចាប់ថ្ងៃទី២ ដល់ទី៦ ខែមីនា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ។

ដោយឡែក សម្រាប់អតិថិជនដែលខកខានមិនបានមកទទួលយកបណ្ណកម្មសិទ្ធិ តាមកាលបរិច្ឆេទកំណត់ខាងលើ អាចទាក់ទងទៅកាន់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលតាមបណ្តាខណ្ឌ នៃទីតាំងដី។ រីឯអតិថិជនដែលមិនទាន់បានបំពេញគ្រប់លក្ខខណ្ឌ ក្រសួងរៀបចំដែនដី នឹងបន្តជួបពិភាក្សាដោះស្រាយបញ្ចប់ ដើម្បីរៀបចំនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិជូន ជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងរៀបចំដែនដី