ក្រសួង អំពាវនាវឱ្យពលរដ្ឋរស់នៅសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្វែងរកទីកន្លែងស្នាក់នៅថ្មី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផលក្នុងសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ បន្ទាប់ពីមន្ត្រីជំនាញបានរកឃើញថា គុណភាពសំណង់អគារនេះ មានការធ្លាក់ចុះយ៉ាងខ្លាំង​។

តាមដានជាមួយយើង៖ Million Times

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ឱ្យដឹងថាយោងតាមលទ្ធផល របស់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការវិភាគគ្រឿងផ្លុំសំណង់អគារខាងលើឡើងវិញ។

ជាលទ្ធផល បានពិនិត្យឃើញថា គុណភាពសំណង់អគារនេះ មានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ក្នុងនោះ ស្រទាប់ បេតុងនិងសរសៃដែកភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងមានស្នាមចេះធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់គុណភាព និងលទ្ធភាពទ្រទ្រង់អគារទាំងមូល ប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើតមានឡើងជាយថាហេតុ និងបានចាត់ថ្នាក់អគារនេះថា ជា “សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើត មានឡើងភ្លាមៗ”។

ក្នុងន័យនេះ ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយ របស់ប្រជាពលរដ្ឋកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារ និងដីកម្មសិទ្ធរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ សំណង់ជិតខាង អ្នកជិតខាង និងសាធារណជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារ និងដីកម្មសិទ្ធរបស់អគារខាងលើនេះ ស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ ដើម្បីក្រុមការងារ ចាប់ផ្តើមអនុវត្តការងារតម្លើង “ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ ចំពោះអគារអតីតសាលាបឋមសិក្សាបដិវត្តន៍” នៅទីតាំងអគារស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។

សេចក្ដីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការដូចជាដ៖ ១. មិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅ ឬប្រើប្រាស់អគារនេះទៀតឡើយ និង២. ធ្វើការហ៊ុំព័ទ្ធ និងហាមចូលសំណង់អគារនេះ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសង្ឃឹមថា ប្រជាពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផលក្នុងសំណង់អគារខាងលើ និងសាធារណជនជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងរៀបចំដែនដី