កំពូលអ្នកជំនាញអចលនទ្រព្យអ្នកឧកញ៉ា សំ សុខនឿន លើកឡើងថា រដ្ឋាភិបាលគួរ​ពន្យារពេលការយកពន្ធមូលធនលើការទិញលក់អចលនទ្រព្យ

អ្នក​ជំនាញ​អចលនទ្រព្យ​ដ៏​ចំណាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សម្ព័ន្ធ​ក្រុមហ៊ុនSAM SN Group អ្នក​ឧកញ៉ា សំ សុខនឿន បាន​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​ពន្យារពេល​ការ​យក​ពន្ធ​មូលធន លើ​អចលនទ្រព្យ ដោយ​រង់ចាំ​ឲ្យ​ទីផ្សារ​នេះ មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។

តាមដានជាមួយយើង៖ Million Times

អ្នក​ឧកញ៉ា សំ សុខនឿន លើក​ឡើង​បញ្ហា​នេះ ក្រោយ​ពេល​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ចេញ​ សេចក្ដី​ជូន​ដំណឹង ពាក់ព័ន្ធ​ ពន្ធ​​លើ​ចំណេញ​មូលធន ២០ ភាគរយ ដែល​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ដើម​ឆ្នាំ ២០២៦ ទៅ។

ពន្ធ​លើ​ចំណេញ​មូលធន ២០ ភាគរយ​ចំពោះ​ទ្រព្យ​ទាំង ៦ ប្រភេទ​រួមមាន ភតិសន្យា, ទ្រព្យ​វិនិយោគ កេរ្តិ៍ឈ្មោះ​អាជីវកម្ម, កម្មសិទ្ធិ​បញ្ញា, រូបិយប័ណ្ណ​បរទេស និង​អចលនទ្រព្យ ដែល​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ដំណាល​គ្នា ពីថ្ងៃទី១ ខែ​មករា ឆ្នាំ ២០២៦ ខាង​មុខ ស្រប​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​កន្លង​ទៅ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃ ៣០ ខែ​តុលា ឆ្នាំ ២០២៥។

ក្នុង​នាម​ជា​អ្នក​ជំនាញ​អចលនទ្រព្យ​ដែល​មាន​កេរ្តិ៍ឈ្មោះ និង​បទ​ពិសោធន៍​ជោកជាំ​ក្នុង​វិស័យ​មួយ​នេះ មើល​ឃើញ​ថា ការ​យក​ពន្ធ​លើ​ចំណេញ​មូលធន ២០ ភាគរយ​ចំពោះ​ទ្រព្យ​ទាំង ៦ នោះ គួរតែ​ពន្យារពេល​បន្តិច​ទៀត​សិន។

អ្នក​ឧកញ៉ា បាន​ថ្លែង​មក​កាន់ Million Times ថា “រាជរដ្ឋាភិបាល​គួរ​ពន្យារពេល​លើ​ការ​យក​ពន្ធ​មូលធន​លើ​ការ​ទិញ​លក់​អចលនទ្រព្យ ខណៈ​វិស័យ​អចលន​វត្ថុ​នៅ​មិន​ទាន់​មាន​ភាព​ប្រាកដប្រជា ឬ​មិន​ទាន់​ឡើង​ផុត​ពី​ភាព​ជាប់​គាំង​នៅ​ឡើយ”៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ