តាមរបាយការណ៍របស់ក្រុមហ៊ុនការិយាល័យឥណទានកម្ពុជា ហៅកាត់ថា (CBC ) ចេញផ្សាយនៅថ្ងៃ ៣០ ខែមករា ឆ្នាំ ២០២៥ កម្ចីទិញផ្ទះតាមប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុបានកើនឡើងជិតដល់ ៨ពាន់លានដុល្លារ នៅត្រឹមដំណាច់ឆ្នាំ ២០២៤។


នៅដំណាច់ឆ្នាំ ២០២៤ កន្លងទៅ ទំហំឥណទានដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្ដល់ជូនអតិថិជនរបស់ខ្លួនជាឥណទានលក្ខណៈបុគ្គល សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមាន ១៥,៥៣ ពាន់លានដុល្លារ ក្នុងនោះឥណទានទិញផ្ទះមានប្រមាណ ៥១,២៥ ភាគរយ ឬប្រមាណ ៧,៩៥ ពាន់លានដុល្លារ។ ក្រៅពីនោះនៅមានកម្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ៤៧,៣៦ ភាគរយ ប្រមាណជា ៧,២២ ពាន់លានដុល្លារ។
តាមរបាយការណ៍ដដែលនោះ ក៏បានឲ្យដឹងផងបន្តទៀតថា នៅដំណាច់ឆ្នាំ ២០២៤ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមាន ២,០៤ លានគណនី ហើយក្នុងនោះឥណទាន ប្រើសម្រាប់ទិញផ្ទះមាន ១០,០១ ភាគរយ ដែលស្មើនឹងប្រមាណជាង ២០ ម៉ឺនគណនី។ ដោយឡែកឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានរហូតដល់ ៨១,៩៣ ភាគរយ ឬប្រមាណ ១,៦៧ លានគណនី។
កាលពីដើមខែមករា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ លោក សាយសំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រជុំជាមួយអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី ព្រមជាមួយអ្នកមកពីខាងវិស័យអចលនទ្រព្យ និងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីឲ្យអ្នកខ្ចីប្រាក់ពីបុរីក្នុងអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលទៅគ្រឹះស្ថានធនាគារវិញក្នុងអាត្រាការប្រាក់ទាប៕
អត្ថបទ៖ មេរ៉ា៖ រូបភាព៖ Internet