កាលពីព្រឹកថ្ងៃ២១ ខែមករានេះ ក្រុមហ៊ុន ជីប ម៉ុង បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលកីឡា 271 ដ៏ធំជាងគេនៅរាជធានីភ្នំពេញ ជាមួយវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង លែន។
លោកសេដ្ឋី លាង ហួង អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានលើកឡើងថា វត្តមានមជ្ឈមណ្ឌលកីឡា 271 នឹងជួយលើកស្ទួយដល់សុខុមាលភាពប្រជាជនក្នុងតំបន់នេះ ឲ្យកាន់តែល្អប្រសើរ ព្រមទាំងផ្ដល់ភាពងាយស្រួលមួយកម្រិតទៀត ដល់អ្នករស់នៅ ជីប ម៉ុង លែន ព្រោះមានគ្រប់សព្វបែបយ៉ាងមិនថាទីតាំងហាត់ប្រាណ និងកន្លែងហាត់កីឡា។


មជ្ឈមណ្ឌលកីឡា 271 នឹងមានប្រភេទកីឡាជាច្រើនដូចជា WallClimbing, កន្លែងវាយសី, កន្លែងលេងបាល់បោះ, កន្លែងលេងបាល់ទះ, កន្លែងទាត់បាល់, កន្លែងលេងប៉េងប៉ុង និងទីលានរត់ប្រណាំងជាដើម។ ក្រោយពីសាងសង់រួចទីនេះ នឹងក្លាយជាមជ្ឈមណ្ឌលកីឡាធំជាងគេមួយក្នុងរាជធានីភ្នំពេញជាក់ជាមិនខាន។ នេះជាការអះអាងរបស់សេដ្ឋី លាង ហួង ហៅ ហេនរី។
លោក លាង ហួង មានប្រសាសន៍បន្ថែមថា៖ “ក្រុមហ៊ុន ជីប ម៉ុង លែន តែងតែគិតគូរពីសុខភាព ការរស់នៅរបស់សហគមន៍ អ្នកដែលទិញផ្ទះនៅ ជីប ម៉ុង ក្នុងគោលបំណងចង់ឲ្យពួកគាត់មានសុខភាពល្អ។ ហេតុដូច្នេះហើយ ទើបគ្រប់បុរី ជីប ម៉ុង ទាំងអស់មានក្លិបហាត់ប្រាណ ហើយបច្ចុប្បន្នយើងធ្វើលើសពីក្លិបហាត់ប្រាណទៀត គឺមជ្ឈមណ្ឌលកីឡា 271 ដែលនឹងក្លាយជាកន្លែងហាត់កីឡាធំជាងគេនៅកម្ពុជា ជាមួយបច្ចេកវិទ្យាទំនើបៗ។ យើងនឹងរៀបចំឲ្យល្អបំផុត មិនពិបាកសម្រាប់អ្នកលេងកីឡានោះទេ កន្លែងចតរថយន្តធំៗ ទូលាយ និងផាសុកភាព៕




អត្ថបទ៖ មេរ៉ា, រូបភាព៖ Chip Mong Land