ក្រុមហ៊ុនលោក Trump ទទួលបានការអនុញ្ញាត សាងសង់គម្រោងខុនដូតម្លៃ ៣ពាន់លានដុល្លារ

ក្រុមហ៊ុនខ្នាតយក្សអាមេរិក Trump Organization ទទួលបានការអនុញ្ញាតពីអាជ្ញាធរក្នុងតំបន់ សម្រាប់ការសាងសង់គម្រោងខុនដូ ដែលមានតម្លៃ ៣ពាន់លានដុល្លារ នៅរមណីយដ្ឋាន និងទីលានវាយកូនហ្គោលរបស់ពួកគេ ក្នុងទីក្រុង Miami។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Bloomberg បានចុះផ្សាយនាថ្ងៃទី១៧ ខែមករាថា គណៈកម្មការ Doral City បានយល់ព្រមឲ្យក្រុមហ៊ុនរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក សង់អគារខុនដូកម្ពស់ ២០ជាន់ ចំនួន ៥អគារ នៅរមណីយដ្ឋាន Trump National Doral។

ក្រុមហ៊ុន Trump Organization បានដាក់សំណើចំពោះគម្រោងមួយនេះ តាំងពីឆ្នាំ២០២២ តែទើបទទួលបានការយល់ព្រមប៉ុន្មានថ្ងៃ មុនពេលលោក Trump ក្លាយជាប្រធានាធិបតី។ គម្រោងខុនដូនេះ នឹងមានបន្ទប់ស្នាក់នៅ ១ ៥០០បន្ទប់ បន្ទប់បែបសណ្ឋាគារ ៤៧០បន្ទប់ និងមានកន្លែងទំនេរទុកជួលធ្វើពាណិជ្ជកម្មទំហំ ១៣ ១៦០ម៉ែត្រការ៉េថែមទៀត។

រមណីយដ្ឋានរបស់ក្រុមហ៊ុនលោក Trump ដែលមានតម្លៃ ៣៥០លានដុល្លារ ត្រូវបានរំពឹងថា នឹងកើនតម្លៃកប់ពពក ពេលគម្រោងខុនដូមួយនេះបញ្ចប់រួចរាល់ ស្របពេលប្រភពជិតស្និទ្ធមួយទម្លាយថា ខុនដូមួយបន្ទប់នឹងមានតម្លៃចាប់ពី ២លានដុល្លារឡើងទៅ៕

អត្ថបទ៖ Luffy រូបភាព៖ Trump Organization