អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានក្នុងស្រុកប្រមាណជាង ៣០ ស្ថាប័ន ដើម្បីពិនិត្យវឌ្ឍនភាពដំណើរការសាងសង់គម្រោង បុរី ឡេង ណាវ៉ាត្រា 6A នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។


ក្នុងឱកាសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញនូវវឌ្ឍនភាពការសាងសង់បុរី ឡេង ណាវ៉ាត្រា ដែលក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្ម ដើម្បីពន្លឿនបញ្ចប់ការសាងសង់ជូនដល់អតិថិជន។ អ្នកឧកញ៉ាបានឲ្យដឹងថា ត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៥នេះ គម្រោងបុរី ឡេង ណាវ៉ាត្រា 6A បានលក់ផ្ទះសរុប ៥ ៥៦៣ ផ្ទះ និងផ្ទះដែលបានដោះស្រាយបញ្ចប់ ១០០ ភាគរយ បានចំនួន ២ ៥៩៩ ផ្ទះ និងបានប្រគល់ជូនអតិថិជនរួចរាល់។ ចំណែកនៅសល់ជាង ២ ពាន់ផ្ទះផ្សេងទៀត កំពុងដំណើរការសាងសង់ នឹងបញ្ចប់ជាបន្តបន្ទាប់។
អ្នកឧកញ៉ាឡេង ណាវ៉ាត្រា មានប្រសាសន៍ថា៖ “នៅសល់ជាង ២ ពាន់ផ្ទះផ្សេងទៀត ដែលផ្ទះខ្លះកំពុងឡើងឆ្អឹង ផ្ទះខ្លះកំពុងបូក ផ្ទះខ្លះទៀតកំពុងបិទការ៉ូ ដោយប្រចាំថ្ងៃនេះ យើងបញ្ចប់បានប្រមាណ ១០ ផ្ទះក្នុង១ថ្ងៃ”។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលស្គាល់ថា គម្រោងមានភាពយឺតយ៉ាវខ្លះ សម្រាប់អតិថិជន តែយ៉ាងណាអ្នកឧកញ៉ា ក៏ដូចជាក្រុមការងារផ្ទាល់បានព្យាយាមប្រឹងប្រែងបញ្ចប់ជូនដល់អតិថិជនឲ្យបានគ្រប់ៗគ្នា ហើយបើមិនមានការរាំងស្ទះណាមួយទេ។
“ជារួមគម្រោងទាំងជាង ៥ ពាន់ផ្ទះនេះ យើងនឹងបន្តធ្វើជារៀងរហូត ហើយបន្តធ្វើឲ្យបញ្ចប់ទាំងស្រុង ១០០ ភាគរយ ទោះបើជាគម្រោងតម្លៃទាបក៏ដោយ ចំពោះគុណភាពទាំងគ្រឹះ សំណង់ និងសោភ័ណភាព គឺយើងពិតជាបានយកចិត្តទុកដាក់ណាស់ ដោយយើងធានាគុណភាពរហូតដល់ ៤ ឆ្នាំ ដែលនេះជាការទទួលខុសត្រូវរបស់ម្ចាស់គម្រោង”។ នេះជាការអះអាងបន្ថែមរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
បន្ថែមពីនេះ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ក៏បានថ្លែងអំណរគុណដល់អតិថិន ដែលបានយោគយល់កន្លងមក ចំពោះភាពយឺតយ៉ាវខ្លះក្នុងការសាងសង់ និងបណ្ណកម្មសិទ្ធិ ដោយក្រុមហ៊ុនបានដោះស្រាយជាមួយភាគីពាក់ព័ន្ធ ជាពិសេសការជួយសម្របសម្រួលពីក្រសួងរៀបចំដែនដី ដែលធ្វើឲ្យគម្រោងបុរី ឡេង ណាវ៉ាត្រា 6A ទាំងមូល ដំណើរការទៅមុខដោយរលូន៕



រូបភាព៖ ផ្ដល់ឲ្យ