សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានប្រាប់ដល់ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុដែលជាសមាជិករបស់ខ្លួនទាំងអស់ឲ្យគោរព និងអនុវត្តតាមសេចក្ដីណែនាំរបស់ ន.អ.ប ស្ដីពីការបញ្ឈប់ការផ្ដល់សេវាវាយតម្លៃបឋម ពីក្រុមហ៊ុនវាយតម្លៃជូនអតិថិជនដែលជាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងលិខិតរបស់សមាគម CVEA បានបញ្ជាក់ថា ក្នុងករណីសមាគមរកឃើញថា មានក្រុមហ៊ុនវាយតម្លៃសមាជិករបស់ខ្លួនណាមួយនៅតែមិនគោរព និងអនុវត្តតាមសេចក្ដីណែនាំនោះ សមាគមនឹងចាត់វិធានការដោយអនុលោមតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម និងបញ្ជូនឈ្មោះក្រុមហ៊ុនវាយតម្លៃនោះទៅ ន.អ.ប ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ដើម្បីការពារផលប្រយោជន៍ដល់ក្រុមហ៊ុនវាយតម្លៃទាំងឡាយដែលបាននឹងកំពុងគោរព និងអនុវត្តតាមសេចក្ដីណែនាំ និងរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់ក្នុងការអនុវត្តន៍ក្រមវិជ្ជាជីវៈរបស់ក្រុមហ៊ុនវាយតម្លៃទាំងអស់ឡើងវិញ។
ការដែលចេញសេចក្ដីជូនដំណឹងនេះ ក៏ព្រោះ CVEA បានអង្កេតឃើញថា មួយរយៈចុងក្រោយនេះ មានក្រុមហ៊ុនវាយតម្លៃមួយចំនួនតូច នៅតែបន្តផ្ដល់ការវយតម្លៃបឋមក្នុងទម្រង់ជាលាយលក្ខណ៍អក្សរជូនគ្រឹះស្ថានដៃគូធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងអតិថិជនជាឯកជនរបស់ខ្លួន ដោយមិនគោរព សេចក្ដីណែនាំរបស់ ន.អ.ប ស្ដីពីការបញ្ឈប់ការផ្ដល់សេវាកម្មវាយតម្លៃបឋមពីក្រុមហ៊ុនវាយតម្លៃជូនអតិថិជន ដែលគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងសេចក្ដីពន្យល់ណែនាំរបស់ថ្នាក់ដឹកនាំ CVEA ជាហេតុធ្វើឲ្យទីផ្សារសេវាកម្មវាយនៅបន្តមានភាពច្របូកច្របល់។
CVEA បានបញ្ជាក់ថា ម្ចាស់ និងប្រធានជំនាញផ្នែកវាយតម្លៃនៃក្រុមហ៊ុនវាយតម្លៃដែលជាសមាជិក CVEA ទាំងអស់ត្រូវចូលរួមគោរព និងអនុវត្តតាមសេចក្ដីណែនាំ។ ក្នុងករណីនៅតែប្រព្រឹត្តិក្រុមហ៊ុនវាយតម្លៃដែលជាសមាជិក CVEA នឹងចាត់វិធានការដោយអនុលោមតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ហើយបញ្ជូនឈ្មោះ ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់៕
អត្ថបទ៖ មេរ៉ា រូបភាព៖ CVEA