នាយករដ្ឋមន្រ្តី សង្ឃឹមថា វិធានការលើកទឹកចិត្តផ្នែកពន្ធដារ នឹងជួយគាំទ្រ និងបង្កលក្ខណៈដល់វិស័យអចលនទ្រព្យ

នៅថ្ងៃទី៤ ខែវិច្ឆិកានេះ លោក លី ហួរ ជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានផ្ញើលិខិតមួយទំព័រថ្លែងអំណរគុណចំពោះនាយករដ្ឋមន្រ្តីកម្ពុជា សម្រេចបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥។

លោក លី ហួរ ដែលមានតួនាទីជាលោកអ្នកឧកញ៉ា បានគូសបញ្ជាក់ថា វិធានការនេះជាការជួយកាត់បន្ថយបន្ទុកចំណាយបង់ពន្ធ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ជាពិសេសតែងតែយកចិត្តទុកដាក់ក្នុងការ ជួយគាំទ្រលើកទឹកចិត្តដល់ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏ដូចអ្នកវិនិយោគទាំងអស់ បន្តបេសកកម្មជាមួយរាជ រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត។

តាមដានជាមួយយើង៖ Million Times

ឆ្លើយតបទៅនឹងលិខិតរបស់ប្រធានសមាគមសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយបង់ពន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥។

ជាមួយនេះ សម្តេច ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា វិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ នឹងជួយគាំទ្រ និងបង្កលក្ខណៈដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យទាំងអស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត»។

ក្រុមអ្នកជំនាញក្នុងវិស័យអចលទ្រព្យនៅប្រទេសកម្ពុជា សុទ្ធតែបានលើកឡើងស្រដៀងៗគ្នាថា ការសម្រេចរបស់រាជរដ្ឋភិបាលតាមរយៈការបន្ទូបន្ថយ និងលើកទឹកចិត្តផ្នែកពន្ធដារចំពោះវិស័យអចលនទ្រព្យ នឹងជួយបន្តពង្រឹងវិស័យអចលនទ្រព្យនៅកម្ពុជាឲ្យបន្តមានចរន្តទៅមុខ និងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនបន្ថែមទៀត ជាពិសេសវិនិយោគិនបរទេសឲ្យពួកគេមើលឃើញកម្ពុជា ពីឱកាសវិនិយោគដែលនឹងទទួលបានផលចំណេញច្រើន។ 

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ប្រាក់ពន្ធមួយចំនួននឹងត្រូវទទួលបានការលើកទឹកចិត្ត ដែលមានដូចជាពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬកាន់កាប់អចលនទ្រព្យ (លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារអាម៉េរិក), ពន្ធលើចំណេញមូលធន, ពន្ធលើចំ ណាយមូលធន, ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនទាន់ប្រើប្រាស់ជាដើម។ សម្រាប់រយៈពេលនៃការអនុគ្រោះខាងលើ គឺមានការប្រែប្រួលទៅតាមប្រភេទនីមួយៗ ដោយខ្លះត្រឹមចុងឆ្នាំ ២០២៤ និងខ្លះរហូតដល់ចុងឆ្នាំ ២០២៥៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី