កាលពីថ្ងៃទី១៧ ខែតុលា រដ្ឋាភិបាលចិនបានបង្ហើបប្រាប់បណ្ដាញសារព័ត៌មានថា នឹងបង្កើនកញ្ចប់ជំនួយ សម្រាប់វិស័យអចលនទ្រព្យនៅក្នុងស្រុក ដែលកំពុងមានភាពជាប់គាំងខ្លាំង។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា កញ្ចប់ជំនួយដែលរដ្ឋាភិបាលគ្រោងផ្ដល់ជូន ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនោះ គឺមានកំណើនពី ២ទ្រីលានយ៉ន់ រហូតដល់ ៤ទ្រីលានយ៉ន់ ឬប្រហែល ៥៦២ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ។
ចំពោះក្រុមហ៊ុន ដែលអាចទទួលបាននូវការលើកទឹកចិត្តថ្មី គឺត្រូវតែជាប់នៅក្នុងបញ្ជីស និងមិនមានលទ្ធភាពអាចបញ្ចប់គម្រោងលំនៅឋានតាមការកំណត់ដោយខ្លួនឯង ទើបរដ្ឋាភិបាលចាំចេញមុខ ជួយពីក្រោយបន្ថែម។
គួររំលឹកបន្តិចថា វិស័យអចលនទ្រព្យ គឺជាសូចនាករយ៉ាងសំខាន់ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចចិន ដ្បិតវិស័យមួយនេះបានរួមចំណែករហូតដល់ ២៥% នៃ GDP សរុបរបស់ចិន។
ដូច្នេះហើយទើបប៉ុន្មានឆ្នាំចុងក្រោយ រដ្ឋាភិបាលចិនបានព្យាយាមលើកទឹកចិត្ត ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជាច្រើន ពន្លឿនការបញ្ចប់គម្រោងលំនៅឋាន ដែលជាប់គាំងពាសពេញទីក្រុងធំៗ ដើម្បីជៀសវាងការកកស្ទះ ដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន៕
អត្ថបទ៖ Luffy រូបភាព៖ BBC