ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្ត និងបន្ថែមការលើកទឹកពន្ធដារចំពោះវិស័យអចលនទ្រព្យ ស្របតាមការសម្រេចរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅស្ថាន និងប្រជាពលរដ្ឋ។
សេចក្តីជូនដំណឹងថ្មីនៅថ្ងៃទី៩ ខែតុលានេះ ក្រសួងសេដ្ឋកិច្ច និងបន្ថែមគោលការណ៍លើកទឹកចិត្តពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរីមានតម្លៃក្រោម ឬប្រហែល ៧ម៉ឺនដុល្លារហូតដល់បំណាច់ឆ្នាំ២០២៥។
ជាមួយគ្នានេះ ក្រសួងក៏បានអនុគ្រោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈបុរី តម្លៃលើស ៧ម៉ឺនដុល្លារ ដោយអនុញ្ញាតិឲ្យដកទំហំទឹកប្រាក់ ៧ម៉ឺនដុល្លារចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅដ្ឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនទ្រព្យ និងបានចុះបញ្ជីត្រឹមត្រូវរហូតដល់បំណាច់ឆ្នាំ២០២៥។
បន្ថែមទៀតនោះ ក្រសួងសេដ្ឋកិច្ចក៏បានលើកទឹកចិត្តលើពន្ធប្រាក់ចំណេញមូលធន ចំពោះទ្រព្យ ៥ប្រភេទទៀតរួមមាន៖ ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេសត្រូវអនុវត្តចាប់ពីឆ្នាំ២០២៥តទៅ។
បើតាមសេចក្តីជូនដំណឹង ក្រសួងសេដ្ឋកិច្ច បានលើកទឹកចិត្តលើកលែងប្រាក់ពន្ធលើអចលនទ្រព្យ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់)។ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានព្យួរការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ មានន័យថា កម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ពន្ធរហូតដល់បំណាច់ឆ្នាំ២០២៤។
រាល់ការលើកលែង ការអនុគ្រោះ និងការព្យួរខាងលើនេះ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ ទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម