លោក Truong Anh Tuan ប្រធានក្រុមហ៊ុនអចលនទ្រព្យ Hoang Quan ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសជាដាច់ខាត ដោយសារតែក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលោកជំពាក់បំណុលពន្ធចំនួន ៦.១ ពាន់លានដុង (២៤០,៨០០ ដុល្លារអាមេរិក) ។
យោងតាមនាយកដ្ឋានពន្ធបានឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ Hoang Quan Can Tho ដែលអភិវឌ្ឍលើគម្រោងអចលនទ្រព្យចំនួន ៧ នៅទីក្រុង Can Tho ចាំបាច់ត្រូវបង់ពន្ធឱ្យបានពេញថ្លៃ ទើបអាចឲ្យលោក Anh Tuan អាចហោះហើរទៅក្រៅប្រទេសម្តងទៀត ។
នេះជាការហាមប្រាមការធ្វើដំណើរជាលើកទី ២ ហើយដែលបានដាក់លើលោក Anh Tuan នៅក្នុងឆ្នាំនេះ ។ កាលពីខែមុន ប្រធានក្រុមហ៊ុនវ័យ ៦១ ឆ្នាំក៏ត្រូវបានហាមមិនឱ្យចាកចេញពីប្រទេសកំណើតផងដែរ ក្រោមហេតុផលដូចគ្នានេះ ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតឈ្មោះ Hoang Quan Mekong ជាអ្នកជាប់ចោទ ប៉ុន្តែបម្រាមនេះត្រូវបានដកចេញវិញនៅថ្ងៃទី១៩ ខែមិថុនា ។ យ៉ាងណាបម្រាមថ្មីក៏កើមានភ្លាមៗផងដែរនៅថ្ងៃដដែលនោះ ។


ក្រុមហ៊ុន Hoang Quan ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានរាប់ពាន់ខ្នងនៅភាគខាងត្បូងប្រទេសវៀតណាម ប៉ុន្តែបានជួបការលំបាកក្នុងការស្វែងរកទុនបម្រុងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ ។
ទោះយ៉ាងណាថ្មីៗនេះ ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Novaland ហើយសង្ឃឹមថា នឹងបញ្ចប់ការសាងសង់លំនៅដ្ឋានចំនួន ៣,០០០ ខ្នងនៅឆ្នាំនេះ ជាមួយនឹងគោលដៅកើបប្រាក់ចំណូលចំនួន ២ ពាន់ពាន់លានដុង ដែលជាការកើនឡើងជិត ៧ ដង ចាប់ពីឆ្នាំ ២០២៣ មក ។
សូមជម្រាបថា ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ នេះ មនុស្សជិត ១,៥០០ នាក់ត្រូវបានហាមមិនឱ្យចាកចេញពីប្រទេស ដោយសារតែបំណុលពន្ធ ។ យ៉ាងណា ក្រោយមកអ្នកទាំងនោះបានយល់ព្រមបង់ប្រាក់ចំនួន ៩២០ ពាន់លានដុង ទើបបានរួចខ្លួន ៕
បកប្រែ ៖ ទីន