តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានកើនឡើងត្រឹមតែ ០.១៥ ភាគរយប៉ុណ្ណោះនៅក្នុងខែមិថុនា ដែលជាកំណើនយឺតបំផុតក្នុងរយៈពេល ៥ ខែ បើទោះបីជាមានកិច្ចគាំទ្រពីរដ្ឋាភិបាលក៏ដោយ ។
យោងតាមទិន្នន័យរបស់ China Index Academy បានឲ្យដឹងថា ចិនកំពុងបន្តក្រពុលមុខរឿងទីផ្សារអចលនទ្រព្យ ខណៈតម្លៃលក់ផ្ទះថ្មីនៅក្នុងមិថុនាកើនឡើងត្រឹមតែ ០.១៥ ភាគរយប៉ុណ្ណោះ បើធៀបនឹងខែឧសភាមានការកើនឡើង ០.២៥ ភាគរយ ។
លើសពីនេះទៅទៀត ប្រាក់ចំណូលពីការលក់ផ្ទះរបស់ក្រុមហ៊ុនអចលនទ្រព្យកំពូលទាំង ១០០ បានធ្លាក់ចុះ ៤១.៦ ភាគរយនៅឆមាសទីមួយនៃឆ្នាំ ២០២៤ ។ បើទោះបីជាមានការអន្តរាគមន៍ពីរដ្ឋាភិបាលនៅក្នុងខែឧសភាក្នុងគោលបំណងធ្វើឱ្យវិស័យនេះមានស្ថេរភាពក៏ដោយ ប៉ុន្តែវិបត្តិសាច់ប្រាក់ ក្រោយឆ្នាំ ២០២១ បាននាំឱ្យមានហានិភ័យជាប្រព័ន្ធ ។
បច្ចុប្បន្នវិនិយោគិនមានការប្រុងប្រយត្ន័ខ្ពស់ នៅពេលដែលទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនកំពុងជួបការលំបាក ខណៈការធ្លាក់ចុះតម្លៃដែលកំពុងបន្តកើតមាន និងការកាត់បន្ថយបរិមាណលក់ ក៏អាចប៉ះពាល់យ៉ាងខ្លាំងផងដែរលើភាគហ៊ុនអចលនទ្រព្យ ។
ទន្ទឹមនោះ អស្ថិរភាពដែលកំពុងកើតមាននេះក៏បង្ហាញពីហានិភ័យសេដ្ឋកិច្ចកាន់តែធំរបស់ចិនផងដែរ ដោយសារតែវិស័យអចលនទ្រព្យមានតួនាទីរួមចំណែកយ៉ាងសំខាន់សម្រាប់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន ៕
បកប្រែ ៖ ទីន