ក្រុងបាត់ដំបង មានសំណង់អគារចំនួន ៨០០ ត្រូវបានកំណត់ជាតំបន់អភិរក្ស

សំណង់អគារដែលសាងសង់ក្នុងសម័យបារាំង និងសម័យសង្គមរាស្ត្រនិយមចំនួន ៨០០អគារ ស្ថិតនៅកណ្តាលក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានកំណត់ជាតំបន់អភិរក្ស។ អគារទាំងនោះ នៅចន្លោះពីផ្លូវលេខ ១ ដល់ផ្លូវលេខ ៣ និងពីវត្តពិភិទ្ធារាម ដល់វត្តដំរីស ក្រុងបាត់ដំបង។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា សំណង់ក្នុងតំបន់អភិរក្សទាំងនោះ បានសាងសង់ក្នុងដំណាក់កាល ៣ផ្សេងគ្នា ហើយវាបានឆ្លុះបញ្ចាំងពីប្រវត្តិនៃការអភិវឌ្ឍន៍ក្រុងបាត់ដំបង។ ផ្ទះល្វែងដែលសាងសង់នៅសម័យបារាំង មានលក្ខណៈស្រស់ស្អាត និងសំបូរទៅដោយក្បាច់រចនា និងផ្ទះល្វែងដែលសាងសង់ក្នុងសម័យសង្គម​រាស្ត្រនិយម មានលក្ខណៈសាមញ្ញជាង។

តាមដានជាមួយយើង៖ Million Times

ម្យ៉ាងទៀត ក្នុងតំបន់អភិរក្សមានផ្ទះល្វែងលក់ទំនិញរាប់រយ ដែលមានម៉ូដែលខុសៗគ្នា ហើយជាទូទៅផ្ទះល្វែងអភិរក្ស ក្នុងក្រុងបាត់ដំបងភាគច្រើនមាន ២ជាន់ មានទទឹង ៥ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រ ដោយសាងសង់នៅក្នុង​ដីឡូតិ៍ជាប់ៗគ្នា ដែលមានជញ្ជាំងរួម និងប្រក់ក្បឿងដីឥដ្ឋ។

ចំណែកឯផ្នែកខាងមុខ និងខាងក្រោយ ត្រូវបានខណ្ឌផ្តាច់ដោយអណ្តូងខ្យល់ បង្អួច និងជណ្តើរធ្វើអំពីឈើ និងមានឌឿងហែមនៅខាងក្រោយ។ ផ្នែកខាងមុខនៃផ្ទះល្វែង បានបង្ហាញពីម៉ូដ និងការតុបតែងផ្សេងៗគ្នា ហើយថែវមុខផ្ទះ បានផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ក្នុងការធ្វើដំណើរជ្រកកំដៅថ្ងៃ និងភ្លៀង។

រីឯច្រកឌឿងហែមខាងក្រោយផ្តល់ភាពងាយស្រួល សម្រាប់ការចេញចូល ពីផ្នែកខាងក្រោយ និងសម្រាប់រថយន្តអគ្គីភ័យ។ ដូច្នោះថែវមុខផ្ទះ និងឌឿងហែម ត្រូវតែទុកចំហ ដើម្បីទុកប្រើប្រាស់ជាសាធារណៈ។

បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ប្រសិនបើមានការងារចូលរួមអភិរក្សឲ្យបានត្រឹមត្រូវ វានឹងផ្តល់នូវផលប្រយោជន៍រយៈពេលវែងដល់ម្ចាស់ផ្ទះ និងសហគមន៍ ព្រោះវាជាសក្តានុពលដ៏សំខាន់មួយ សម្រាប់អភិវឌ្ឍន៍វិស័យទេចរណ៍ និងវប្បធម៌ ដែលជាប្រភពនៃការងារ មុខរបរ និងការបង្កើនប្រាក់ចំណូលមូលដ្ឋាន៕

អត្ថបទ៖ វីរៈ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង