ក្រុមហ៊ុន Goldman Sachs បាននិយាយនៅក្នុងរបាយការណ៍មួយថា ប្រទេសចិនត្រូវការចាក់បញ្ចូលសាច់ប្រាក់ប្រហែល ២ ពាន់ពាន់លានយ័ន (២៧៦ ពាន់លានដុល្លារ) ទៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងជួបវិបត្តិដើម្បីជួយទូទាត់ដល់បញ្ហាលំនៅដ្ឋាន និងរក្សាតម្លៃអចលនទ្រព្យជាដើម ។
ក្រុមហ៊ុនបានប៉ាន់ប្រមាណថា ជាង ៣០ ភាគរយនៃទំហំទឹកប្រាក់ចាក់បញ្ចូលនេះនឹងអាចទាក់ទាញសហគ្រាសក្នុងតំបន់ឱ្យជួយបង្កើនការទិញអចលនទ្រព្យនៅទូទាំងប្រទេស ជាពិសេសនេះជាការផ្ដល់ទំនុកចិត្តមួយដល់អតិថិជនផងដែរ ។
មុននឹងដាក់ចេញទំហំសាច់ប្រាក់នេះ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិនរងវិបត្តិមិនធ្លាប់មានក្នុងរយៈពេល ៩ ខែជាប់ៗគ្នា បើទោះបីជារដ្ឋាភិបាលទីក្រុងបេកាំងដាក់ចេញវិធានការថ្មីដើម្បីជំរុញវិស័យអចលនទ្រព្យក៏ដោយ ហើយក្នុងនោះមានផ្ទះល្វែងសរុបប្រហែលពី ៩០ លានទៅ ១០០ លានយូនីតគ្មានអ្នកបេតីចង់ទិញឡើយ ។
វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលធ្លាប់ជាសសរស្តម្ភនៃសេដ្ឋកិច្ចបានជួបវិបត្តិពីមួយដំណាក់កាលទៅមួយដំណាក់កាល ចាប់តាំងពីឆ្នាំ ២០២១ មកម្ល៉េះ បន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យជាច្រើនដូចជា ក្រុមហ៊ុន Evergrande ស្ទើរតែប្រកាសក្ស័យធុន ដោយសារតែវិបត្តិសាច់ប្រាក់ ។
កាលពីខែមុន ប្រទេសចិនបានប្រកាសគោលការណ៍ជាប្រវត្តិសាស្ត្រដើម្បីរក្សាស្ថិរភាពក្នុងវិស័យនេះ ក្នុងនោះធនាគារកណ្តាលបានបន្ធូរបន្ថយច្បាប់នៃការបញ្ចាំ និងសម្របសម្រួលការផ្តល់មូលនិធិបន្ថែមចំនួន ១ ពាន់ពាន់លានយ័ន (១៤០ ពាន់លានដុល្លារ) ។
ក្រៅពីគោលការណ៍ទាំងនេះ ប្រទេសចិនក៏បានបង្ហាញវិធានការថ្មីដើម្បីជួយសង្គ្រោះ ក៏ដូចជាស្ដារវិស័យអចលនទ្រព្យរបស់ខ្លួនផងដែរ រួមទាំងការស្នើសុំឱ្យរដ្ឋាភិបាលក្នុងតំបន់នៅទូទាំងប្រទេសជួយទិញផ្ទះពីក្រុមហ៊ុនអភិវឌ្ឍន៍ដែលមិនទាន់លក់ដាច់ និងការបន្ធូរបន្ថយច្បាប់លើការទិញជាដើម ៕
បកប្រែ ៖ ទីន