ជាងមួយទសវត្សរ៍ហើយ គម្រោងសង់អគារភ្លោះកម្ពស់ ១៣៣ជាន់មិនទាន់លិចចេញរូបរាង

គម្រោងអគារភ្លោះកម្ពស់ ១៣៣ជាន់របស់ក្រុមហ៊ុន Thai Boon Roong Group នៅតែស្ងប់ស្ងាត់ បន្ទាប់ពីប្រកាសចាប់ផ្តើមកាល ១០ឆ្នាំងជាងមុនមកដល់ពេលនេះមិនទាន់ឃើញសូម្បីគ្រឹះអគារ។

គម្រោងអគារ TBR Twin Tower World Trade Centre ដែលមានតម្លៃរាប់ពាន់លានដុល្លារ អគារភ្លោះកម្ពស់ ១៣៣ជាន់ គ្រោងសាងសង់លើផ្ទៃដី ៥ហិកតា ដែលពីមុនកាន់កាប់ដោយសួនកម្សាន្ត Dreamland ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

គម្រោងនេះជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Thai Boon Roong Group របស់ក្រុមហ៊ុនវិនិយោគិនខ្មែរ និងក្រុមហ៊ុនម៉ៅការចិន Sun Kian Ip Group ដែលគ្រប់គ្រងដោយក្រុមហ៊ុន ម៉ាកាវ ត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែកក្កដា ឆ្នាំ២០១៥ ក្នុងនាមជាអគារខ្ពស់ ១៣៣ជាន់ដែលរំពឹងថានឹងមានកម្ពស់លើសពី ៥០០ម៉ែត្រ។

ការ​សាង​សង់​ត្រូវ​បាន​គេ​កំណត់​ថា​នឹង​ចាប់​ផ្តើ​ម​នៅ​ក្នុង​ឆ្នាំ២០១៦ និង​ប្រើ​ពេល​រយៈពេល ៣​ឆ្នាំ​ដើម្បី​បញ្ចប់​ ប៉ុន្តែក្តីសុបិនរបស់គម្រោងនេះហាក់មិនទាន់ប្រាកដប្រជានៅឡើយ បើទោះបីអូសរំលងពេលវេលាអស់ជាច្រើនឆ្នាំ ខណៈដីទុកនៅទំនេរចោលមុខកាស៊ីណូណាហ្គាវើល ស្ថិតក្នុងតំបន់វិមានរដ្ឋសភាជាតិ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រុមហ៊ុន Thai Boon Roong Group