សេដ្ឋីម្ចាស់អគារខ្ពស់កប់ពពកនៅភ្នំពេញ ចុះ MoU ជាមួយក្រុមហ៊ុនកូរ៉េអភិវឌ្ឍន៍វិស័យអចលនទ្រព្យ

ម្ចាស់អគារ The Bridge និងអគ្គនាយកក្រុមហ៊ុន WorldBridge Group ដែលជាសាជីវកម្មក្នុងពហុវិស័យនៅប្រទេសកម្ពុជា បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសំណង់ឈានមុខគេមួយរបស់កូរ៉េខាងត្បូងដើម្បីធ្វើកិច្ចសហការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ។

ក្នុងឱកាសអមដំណើរនាយករដ្ឋមន្រ្តីកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Daewoo E&C លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ។

តាមដានជាមួយយើង៖ Million Times

សូមបញ្ជាក់ថា Daewoo E&C គឺជាក្រុមហ៊ុនឈានមុខគេនៃឧស្សាហកម្មសំណង់​នៅកូរ៉េ ដោយមានអាយុកាលជាង ៥០ឆ្នាំមកហើយ។ Daewoo E&C បានដើរតួនាទីដ៏​សំខាន់ ក្នុងការចូលរួមនូវវិវត្តសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កូរ៉េ។ ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មសំខាន់ៗដូចជា៖ ការអភិវឌ្ឍលំនៅឋាន រោងចក្រថាមពល និងការផ្តល់ផលប័ត្រជាសកល។

ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងសេអ៊ូល សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C ជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាការងារ ជំរុញការវិនិយោគនៅកម្ពុជាផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ Feacbook Sun Chanthol