ដូចប្រិយមិត្តបានដឹងហើយ ប៉ុន្មានឆ្នាំចុងក្រោយនេះរាប់តាំងពីវិបត្តិកូវីដ១៩មក ស្ថានភាពសេដ្ឋកិច្ចបានបន្តធ្លាក់ចុះយ៉ាងគំហុកនៅលើសកលលោកទាំងមូល។ ការណ៍នេះបើនិយាយដល់វិស័យអចលនទ្រព្យ និងសំណង់នៅប្រទេសកម្ពុជាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
សម្រាប់ទីផ្សារវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាស្ទើរតែទាំងស្រុងបានជួបរងវិបត្តិ ក្នុងនោះក៏មានគម្រោងខ្លះជាប់គាំងផ្អាកដំណើរការ ហើយគម្រោងនៅបន្តដំណើរការទាំងត្រដាត់ត្រដួស ប៉ុន្តែក៏មានគម្រោងមួយចំនួនបានបិទបញ្ចប់ការសាងសង់របស់ខ្លួនផងដែរ។ នេះជាការមើលឃើញរបស់ក្រុមអ្នកជំនាញអចលនទ្រព្យប្រាប់គេហទំព័រ «មីលានថាមស៍»។
លោកបន្តថា បញ្ហាទាំងអស់នេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយជាច្រើនដើម្បីបន្តចូលរួមដោះស្រាយបញ្ហាជាប់គាំងទាំងអស់នោះលើវិស័យអចលនទ្រព្យ និងសំណង់។ លើសពីនេះ បញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តជាកញ្ចប់ដើម្បីជំរុញការដោះស្រាយ ដោយបច្ចប្បន្នឃើញថា មានដំណោះស្រាយបណ្តើរៗហើយ។
អគារខ្ពស់ៗកំពុងឈរជ្រោងនៅខេត្តព្រះសីហនុ
លោកបន្ថែមថា ភ្នំពេញដែលជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅប៉ុន្មានឆ្នាំចុងក្រោយនេះមានអគារខ្ពស់ៗជាច្រើនបានស្នើសុំវិនិយោគ ហើយរដ្ឋាភិបាលក៏បានអនុម័តយល់ព្រម។ លោកថ្លែងថា អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅកំពុងជួបវិបត្តិដោយខ្លះផ្អាកដំណើរ ឬដំណើរការដែរប៉ុន្តែអូសបន្លាយពេលសាងសង់ដោយបញ្ហាហិរញ្ញវត្ថុ។
លោកថ្លែងថា៖ «ខ្ញុំឃើញគម្រោងវិនិយោគអគារខុនដូរ ឬអគារពាណិជ្ជកម្មដែលតម្លៃចាប់ពី៦០លានដុល្លារឡើងទៅកំពុងជួបវិបត្តិដោយមួយចំនួនផ្អាកដំណើរការ ឬសាងសង់យឺតជាងផែនការដែលបានគ្រោងទុក»។
ទោះជាបែបនេះក្តី ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជាជឿជាក់ថា ទីផ្សារអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៤នេះ នឹងមានភាពល្អប្រសើរជាងឆ្នាំមុន ក្រោយរំពឹងការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការទទួលបានវិនិយោគិនបរទេសចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យសក្កានុពលមួយចំនួន។
អគារនៅម្តុំបឹងត្របែករាជធានីភ្នំពេញ
ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីដើមខែមេសា ឆ្នាំ២០២៤កន្លងទៅ អ្នកឧកញ៉ា លី ហួរ បានថ្លែងថា បញ្ហាវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះជាសកល កត្តារីករាលដាលជំងឺឆ្លងកូវីដ១៩ សង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងថ្មីៗមានសង្គ្រាមរវាងក្រុមហាម៉ាស-ប៉ាឡេស្ទីន ព្រមទាំងមានការបែងចែកប្លុកសេដ្ឋកិច្ចតំបន់ផងនោះធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យទាំងមូលស្ទើរតែធ្លាក់ដល់សូន្យ។
អ្នកឧកញ៉ាគូសបញ្ជាក់ថា កត្តាទាំងនេះបានជះឥទ្ធិផលដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ ធ្វើឲ្យវិស័យនេះទាំងមូលស្ទើរតែធ្លាក់ដល់សូន្យ។
អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា បច្ចុប្បន្នគម្រោងបុរី ខុនដូ ការលក់មានការធ្លាក់ចុះជាគំហុក ឬលក់ពុំចេញតែម្ដង អតិថិជនពន្យាពេលបង់ប្រាក់ រហូតដល់អតិថិជនមួយចំនួនមិនមានលទ្ធភាព មិនបានបង់ប្រាក់ត្រឡប់មកក្រុមហ៊ុនវិញ ព្រមទាំងទាមទារឲ្យក្រុមហ៊ុនទិញផ្ទះត្រឡប់មកវិញ ធនាគារពាណិជ្ជក៏បានតម្លើងអត្រាការប្រាក់ និងរឹតបន្តឹងការផ្ដល់ឥណទានលំនៅឋានជូនអតិថិជន ផ្អាកផ្តល់ឥណទានលើការវិនិយោគលើវិស័យសំណង់ ក្រសួងស្ថានប័នរដ្ឋ ដែលពាក់ព័ន្ធមានការយឺតយ៉ាវក្នុងការផ្តល់សេវាកម្ម រឹតបន្តឹងលើការអនុវត្តផ្លូវច្បាប់ និងមានការផាកពិន័យជាប្រាក់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ ធ្វើឲ្យក្រុមហ៊ុនមួយចំនួនមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ក្រុមហ៊ុនមួយចំនួនផ្អាកការសាងសង់ បិទគម្រោងទាំងមូល និងឈានទៅដល់ក្ស័យធនតែម្ដង។
របាយការណ៍សរុបលទ្ធផលការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយពេលកន្លងទៅ នៅភ្នំពេញមានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងចំនួន ១,៧៧៧អគារ គិតត្រឹមឆ្នាំ២០២៣។ របាយការណ៍ដដែលបានបញ្ជាក់ថា បច្ចុប្បន្នទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងដំណើរការសាងសង់ ក្នុងរាជធានីភ្នំពេញ។
របាយការណ៍បានបន្តថា នៅរាជធានីភ្នំពេញអគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១,៧៧៧អគារ និងបានពិនិត្យលើឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ ក្នុងគម្រោងថ្មីចំនួន៥៣៦គម្រោង លើផ្ទៃក្រឡាសំណង់សរុប២៦៩,១៦៦ម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានប្រមាណ១៣២លានដុល្លាអាមេរិកបន្ថែមទៀត។
ដើម្បីបន្តជួយគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យ រដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ បានប្រកាសបន្តអនុវត្តវិធានការមួយចំនួនពីរដ្ឋាភិបាល អាណត្តិទី ៦ ដែលមានដូចជា ការបន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់ បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់ បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានតម្លៃស្មើ ឬក្រោម ៧ ម៉ឺនដុល្លារ ការស្នើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុធ្វើការរៀបចំឥណទានឡើងវិញ ការលើកលែងការពិន័យផ្សេងៗ និងការពន្យារពេលអនុវត្តសេចក្តីសម្រេចស្តីពីកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុជាដើម៕
អត្ថបទ និងរូបភាព៖ សេដ្ឋានី