ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនធំៗចំនួន ៤៤ បានដាក់គម្រោងវិនិយោគឡើងវិញនៅខេត្តព្រះសីហនុ ក្នុងនោះ ក្រុមហ៊ុនចំនួន ៨ បានឯកភាព និងចាប់ផ្ដើមដំណើរការឡើងវិញហើយ បន្ទាប់ពីឆ្នាំនេះរាជរដ្ឋាភិបាលបានវិនិយោគ និងដាក់គោលនយោបាយមួយចំនួនផ្ដោតទៅលើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថ្លែងថា ក្រុមហ៊ុនចំនួន ៤៤ រដ្ឋាភិបាលបានឯកភាព និងផ្តល់គោលការណ៍តាមស្នើសំណើរក្រុមហ៊ុន ខណៈក្រុមហ៊ុន ៦ចាប់ផ្តើមដំណើរការហើយ។ សម្តេចថ្លែងបន្តថា ថ្មីៗនេះមានក្រុមហ៊ុនមួយបានមកស្នើសុំវិនិយោគដែលមានទំហំទុនប្រមាណ ៥០០លានដុល្លារអាមេរិក ហើយរាជរដ្ឋាភិបាលអនុញាតរួចរាល់ដើម្បីវិនិយោគបន្ថែមទៀតក្នុងខេត្តព្រះសីហនុ។
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ខែមេសាកន្លងទៅ បានបើកកិច្ចប្រជុំបីពិនិត្យលើសំណើរបស់វិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន១៤គម្រោង។
បើតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបញ្ជាក់ថា គម្រោងទាំង ១៤នោះរួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១០ និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន៤ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ២០២៤ ដូចជា គម្រោងសណ្ឋាគារផ្កាយ៥ និងកាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និងស្នាក់នៅរួម, គម្រោងរោងចក្រលាយបេតុង, គម្រោងរោងចក្រផលិតក្រដាសកេសកាតុង និងគម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម ដែលមានទំហំទុនវិនិយោគសរុបប្រមាណ២១៣លានដុល្លារអាម៉េរិក និងជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និងបរទេស និងមានទំហំតូច មធ្យម និងធំ។
ការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេសខាងលើនេះ ធ្វើឡើងស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤កន្លងទៅ៕
អត្ថបទ៖ ផល កុសល រូបភាព៖ BTV