ឆ្លើតតបនឹងការលើកឡើងពីបក្សប្រឆាំង និងអ្នកវិភាគនិរទេសខ្លួននៅក្រៅប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អះអាងថា រាជរដ្ឋាភិបាលមិនដេកអេសពោះទេ គឺបានកំពុងខិតខំ ដោះស្រាយរាល់បញ្ហាជូនបងប្អូនជានិច្ច ជាពិសេសបញ្ហារវាងពលរដ្ឋ និងម្ចាស់បុរីនានា ដែលបានកំពុងកើតឡើងនាពេលសព្វថ្ងៃនេះ។
ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក នាព្រឹកថ្ងៃទី១១ ខែមេសានេះ សម្តេច ហ៊ុន ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាលមិនដេកអេះពោះដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះទេ គឺរាជរដ្ឋាភិបាលបានកំពុងខិតខំដោះស្រាយរាល់បញ្ហាជូនបងប្អូនជានិច្ចជាពិសេសបញ្ហារវាងពលរដ្ឋ និងម្ចាស់បុរីនានា ដែលបានកំពុងកើតឡើងនាពេលសព្វថ្ងៃនេះ។
សម្តេចថ្លែងថា សម្តេចបានបញ្ជាឲ្យលោក សាយ សំអាល រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ធ្វើការដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាជាមួយ ម្ចាស់បុរីនានាយ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែមិនបានធ្វើការផ្សព្វផ្សាយជាសាធារណៈនោះទេ។ ក្រៅពីឲ្យមានការដោះស្រាយចំពោះការវិវាទរបស់បងប្អូន និងម្ចាស់បុរី សម្តេចក៏បានធ្វើការជាមួយធនាគារជាតិ ដោយឲ្យតួអង្គនេះត្រូវចរចាជាមួយធនាគារនានាដើម្បីសម្រួលដល់ពលរដ្ឋដែលជួបប្រទះភាពជាប់គាំងផ្នែកសេដ្ឋកិច្ចផងដែរ។
ទន្ទឹមនឹងនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានដាក់ក្តីរំពឹងថា នៅពេលខាងមុខវិស័យអចលនទ្រព្យ ពោលគឺការទិញ-លក់ ដី ធ្លី ផ្ទះសម្បែង នឹងងើបឡើងវិញ។ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនេះដែរ អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យបានមើលឃើញថា គិតត្រឹមដើមឆ្នាំ២០២៤នេះ វិស័យដីធ្លីចាប់ផ្ដើមមានសញ្ញាណនៃការងើបឡើងវិញជាបណ្ដើរៗ។
ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Group និងជាអ្នកជំនាញអចលនទ្រព្យមើលឃើញថា ការងើបឡើងវិញនាពេលនេះដោយសារហេតុផលចំនួន២ គឺទី១/ ការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ និងទី២/ ការដើរគោះទ្វារទាក់ម៉ូយរបស់សម្ដេចធិបតីនៅតាមបណ្ដាប្រទេសនានាលើពិភពលោក។
បើទោះបីជាមានការរំពឹងទុកយ៉ាងនេះក្ដី លោកឧកញ៉ាគូសបញ្ជាក់ថា ការជំរុញលើវិស័យអចលនទ្រព្យនេះ ត្រូវការពេលវេលាដើម្បីរៀបចំដោយទាមទារឱ្យមានការចូលរួមពីអ្នកវិនិយោគ និងគ្រប់ភាគីពាក់ព័ន្ធចូលរួមដើម្បីធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរឡើង។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានចេញរបាយការណ៍ថ្មីមួយដោយបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥.៨% ក្នុងឆ្នាំ ២០២៤ និង ៦.០% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុក ជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។
លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB មានប្រសាសន៍ថា «ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ ២០២៣។ យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែក លើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣»៕