សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា កម្ពុជា-បារាំង ត្រៀមដំឡើងកម្រិតទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) ក្នុងពេលឆាប់ៗខាងមុខនេះ។

ការប្រកាសនេះ ស្របពេលដែលសម្ដេចធិបតី បានជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី៨ ខែមេសា ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉ារីស។
តាមរយៈបណ្ដាញសង្គម នៅរសៀលថ្ងៃទី៩ ខែមេសានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអរគុណលោក Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណងមិត្តភាពទ្វេរភាគីរវាងប្រទេសទាំងពីរ ជាពិសេសការរៀបចំដំឡើងកម្រិតទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) នាពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏រង់ចាំស្វាគមន៍ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Emmanuel Macron មកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ ២០២៦ខាងមុខនេះ។
ចំណែកប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានអរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងប្រទេសទាំងពី ក្នុងទីក្រុងប៉ារីស៍។

លោកបន្ថែមថា រវាងកម្ពុជា និងបារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ។
លោក Emmanuel Macron បានបន្ថែមទៀតថា តាមរយៈអង្គការហ្វ្រង់កូហ្វូនី (Francophonie) កម្ពុជា-បារាំង ក៏កំពុងបន្តដំណើរជាមួយគ្នាផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villers-Cotterêts ក្នុងឆ្នាំ២០២៤ ការណាត់ជួបបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញ ដែលនៅទីនោះ លោកនឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកា។
ប្រធានាធិបតីបារាំង ចាត់ទុកដំណើរទស្សនកិច្ចនាខែវិច្ឆិកាខាងមុខនេះថា ជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាព ដែលផ្សារភ្ជាប់ប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតខ្លាំងឡើង៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី



